សម្តេចតេជោ ហ៊ុន សែន ជូនពរដល់ប្រជាជនខ្មែរក្នុងឱកាសឆ្នាំថ្មី ជាមួយនឹងឲ្យតម្លៃលើសន្តិភាព

104

ភ្នំពេញ : ដើមឆ្នាំថ្មី គឺនៅព្រឹកថ្ងៃទី ១ មករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយបានស្វាគមន៍ឆ្នាំថ្មី ឆ្នាំសាកល ២០២០ ជាមួយនឹង សំណេរកត់សំគាល់ថា បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ កាលពីយប់មិញក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងនិងក្រៅប្រទេស។

ឱកាសនៃការចូលរួមអបអរសាទរនិងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយេីង។

ជាមួយនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចក៏ជូនពរសូមឲ្យបងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០នេះជួបតែសេចក្តីសុខ សេចក្តីចម្រេីនសំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។ [អរគុណសន្តិភាព] គឺជាពាក្យដែលសម្តេចតេជោ ហ៊ុន សែន ចង់ពញ្ញាក់អារម្មណ៍ឲ្យបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ ត្រូវមើលឃើញ ព្រមទាំងរួមគ្នាផ្តល់តម្លៃដល់សន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលបានផ្តល់ឲ្យប្រជាជនខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា និងសប្បាយរីករាយនៅគ្រប់ទីកន្លែង ហើយប្រទេសកម្ពុជា កំពុងបន្តរីកចំរើនលូតលាស់ បោះជំហ៊ានទៅមុខ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា។