សហរដ្ឋ​អាមេរិក​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ចំ​ពេល​មាន​ភាព​តាន​តឹង​ជាមួយ​អ៊ីរ៉ង់​

44340

អាមេរិក​៖ កងទ័ព​សហរដ្ឋអាមេរិក​មកពី​អង្គភាព​ទ័ពអាកាស​ទី​៨២ របស់​កងទ័ព​ចេញពី​បន្ទាយ​កង​កម្លាំង​ប្រតិបត្តិការ​ពិសេស Fort Bragg ​រដ្ឋ North Carolina បាន​ចាប់ផ្ដើម​បញ្ជូន​ទៅកាន់​តំបន់មជ្ឈិមបូព៌ា ស្រប​ពេល​មានការ​កើន​ឡើង​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់ ​និង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ ទៅលើ​បរិវេណ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បា​ដា​ត ​ដោយ​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Mark Esper បាន​ប្រកាស​ថា ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មីៗនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​តាម​ការណែនាំ​របស់​លោក Trump លោក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ជា​បន្ទាន់ ​នូវ​ទាហាន​កង​វរសេនាតូច​ថ្មើរជើង​ប្រហែល ៧៥០​នាក់​មកពី​អង្គភាព​អាកាស​ទី​៨២ ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​។​ លោក​មិនបាន​បញ្ជាក់​ពី​គោលដៅ​របស់​ពួកគេ​ទេ ​ប៉ុន្តែ​មន្ត្រី​អាមេរិក​ដែល​ដឹង​អំពី​ការសម្រេចចិត្ត​នេះ​បាន​និយាយ​ថា​ ពួកគេ​នឹង​ទៅ​ប្រទេស​គូ​វ៉ែត​។​ ទាហាន​ចំនួន ៧៥០​នាក់​ដែល​បាន​បញ្ជូន​ជាបន្ទាន់ គឺ​បន្ថែម​លើ​កងទ័ព​សហរដ្ឋអាមេរិក​មាន​ស្រាប់​ចំនួន ១៤,០០០​នាក់​ ដែល​បាន​ដាក់​ពង្រាយ​នៅ​តំបន់​ឈូង​សមុទ្រ​ចាប់​តាំង​ពី​ខែ​ឧសភា​មក​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ង់ ​រួម​ទាំង​ការ​បំផ្លិច​បំផ្លាញ​នាវា​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន ​នៅ​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​៕

អត្ថបទ៖ សុខ​មាន