Bayern Munich ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទិញ​អ្នក​ចាំទី​របស់ Schalke 04

115

បាល់ទាត់៖ ​ក្លឹប Bayern Munich បាន​ប្រកាស​ថា ​អ្នកចាំទី Alexander Nubel​ របស់​ក្លិប Schalke​ នឹង​ចូល​រួម​ជាមួយ​ក្លឹប​ក្នុង​ការ​ផ្ទេរ​ដោយ​ឥតគិតថ្លៃ​នៅ​រដូវ​ក្តៅ​ខាងមុខនេះ ​ពោល​គឺ​ក្រោយ​ចប់​រដូវ​កាល ២០១៩២០២០ នេះ​។​ ​អតីត​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់​អាយុ​ក្រោម ២១​ឆ្នាំ បច្ចុប្បន្ន​វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Bundesliga

​​Nubel​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម Schalke​ មុន​រដូវ​កាល​នេះ ​បន្ទាប់ពី​ក្លាយ​ជា​ជម្រើស​ដំបូង​នៅ​ពាក់​កណ្តាល​រដូវ​កាល​មុន​។​ ​Nubel ​កំពុង​ជាប់​បម្រាម ៤​ប្រកួត​បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ ​ដោយ​ក្រោយ​មាន​កំហុស​ទៅលើ​ខ្សែបម្រើ Mijat Gacinovic ​របស់ Eintracht Frankfurt កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​។​ ​Nubel​ បង្ហាញខ្លួន​ចំនួន ៣៥​ប្រកួត​ក្នុង​លី​គ​កំពូល​អាឡឺម៉ង់​ ហើយ​អាច​ជា​អ្នក​ស្នង​តំណែង​យូរអង្វែង​របស់​ Manuel Neuer​ ដែល​លេង​នៅ Bayern Munich តាំងពី​ឆ្នាំ២០១១។​ ​Neuer​ ក៏​ជា​អតីត​កីឡាករ​របស់ ​Schalke​ ផង​ដែរ​ហើយ​បាន​បន្ត​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ Bundesliga ចំនួន ២៣៣លើក​សម្រាប់ Bayern Munich ឈ្នះ​ពាន Bundesliga ៧​ដង ​និង Champions League ក្នុង​ឆ្នាំ​២០១៣។​ ​កុងត្រា​របស់​កីឡាករ​អន្តរជាតិ​អាឡឺម៉ង់​វ័យ ៣៣​ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​២០២១៕

អត្ថបទ​៖​នាង សុភា​វុ​ធ