ព្រះ​រាជអំណោយ​សម្តេចព្រះ​មហាក្សត្រី ត្រូវ​បាន​ប្រគល់ជូន​ជនរងគ្រោះ​ដោយ​បាក់​រលំ​អគារ នៅ​ខេត្ត​កែប

221

 

បន្ទាប់ពី​ទទួល​បាន​នូវ​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា​ ចំនួន​២​ម៉ឺន​ដុល្លារ ​របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត កាលពី​ម្សិលមិញ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា បាន​ចាត់​ឱ្យ​តំណាង​ចុះសួរសុខទុក្ខ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​នាំយក​ព្រះរាជ អំណោយ​ដ៏​ឧត្តុង្គឧត្តម​នេះ ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព និង​អ្នករងរបួស ដែល​កំពុង​សម្រាក​នៅ​មន្ទីរ ពេទ្យ និង​តាម​ខេត្ត​ស្រុកកំណើត របស់​ជនរងគ្រោះ​នីមួយៗ​។

គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា និង លោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញិក ​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​-​មន្ត្រី​កាកបាទក្រហម ​កម្ពុជា ដែល​អញ្ជើញ​ទៅតាម​មុខព្រួញ​គោលដៅ​ទាំងអស់ ​បាន​ពាំ​នាំនូវ​ព្រះរាជ​បន្ទូល​របស់ ​ សម្តេចព្រះ មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​សម្តែង​ការ​សោកស្តាយ យ៉ាង​ក្រៃលែង ចំពោះ​សោកនាដកម្ម ដែល​បាន​កើតឡើង​ចំពោះ​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​។ សូម​ជូនពរ​ដល់​អ្នក​រងរបួស​ទាំងអស់ ឆាប់​បាន ជាសះស្បើយ​ឡើងវិញ ​និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព​ជនរងគ្រោះ​ បាន​ទៅកាន់​សុគតិភព​កុំបី ឃ្លៀងឃ្លាត ​ឡើយ​។

ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម របស់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ប្រទាន ដល់​ក្រុមគ្រួសារ​អ្នកស្លាប់​ទាំង​៣៦​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៤០០​ដុល្លារ ​អង្ករ​១២០​គីឡូក្រាម ​មី​៥​កេស ត្រីខ ៥០​កំប៉ុង ​និង​ទឹកក្រូច​៥​កេស​។ ប្រទាន​ដល់​អ្នករងរបួស​២៣​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ ក្នុង​ម្នាក់ៗ​ថវិកា​២៤៣​ដុល្លារ មី​២​កេស ​ទឹកដោះគោ​ប្រអប់ ២​ប្រអប់ ស្ករស ៤​គីឡូក្រាម ត្រីខ​២០ កំប៉ុង និង​ឃី​ត​១ (​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២)​។ ​ដោយឡែក សាខា​កាកបាទក្រហម ​កម្ពុជា​ខេត្ត ក៏បាន​ចូលរួម​រំលែក​ទុក្ខ សួរសុខទុក្ខ ​ព្រមទាំង​នាំយក​ស្បៀង សម្ភារ និង​ថវិកា ផ្តល់ជូន​ដល់ ក្រុមគ្រួសារ ​ជនរងគ្រោះ​នៅតាម​ខេត្ត​រៀងៗ​ខ្លួន និង​នៅ​មន្ទីរពេទ្យ​ផងដែរ​៕