សម្ដេច ស ខេង ជំរុញ​អាជ្ញាធរ​ឃុំ​សង្កាត់ ប្រើប្រាស់​ថវិកា​វិភា​ជ​បន្ថែម​ឲ្យ​ចំ​គោលដៅ​

448

បាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស ​ដែល​ទទួល​ថវិកា​វិភា​ជ​បន្ថែម ពី​រាជរដ្ឋាភិបាល ​នៅ​ឆ្នាំ​២០២០​នេះ ត្រូវ​ប្រើប្រាស់ ​ឲ្យ​ចំ​គោលដៅ​ច្បាស់លាស់ ​និង​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។

នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​មី​ទ្ទិញ​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ជ័យជំនះ ៧ មករា (៧ មករា ១៩៧៩៧​មករា ២០២០) នៅ​ថ្ងៃទី​០៩​ ខែមករា នេះ សម្ដេច​ក្រឡាហោម ស​ ខេង បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន​បង្កើន​ថវិកា​អភិវឌ្ឍន៍​ឲ្យ​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២០​នេះ ​៧​ម៉ឺន​ដុល្លារ បើ​ប្រៀប​ធៀប​នឹង ឆ្នាំ​២០១៩ គឺ​កើន​ឡើង​ពីរដង ​ហើយនឹង​បង្កើន​បន្ថែមទៀត ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

សម្ដេច​ បាន​បន្ថែមថា ក្នុង​មួយ​ឆ្នាំ បើ​សរុប​រាប់ទាំង​ថវិកា​ចំណាយ​លើ​រដ្ឋបាល​ធម្មតា​ផង ​គឺ​ប្រមាណ ជាង​១២​ម៉ឺន​ដុល្លារ នេះ​ជា​ការ​បង្កើន​ឡើង​បណ្ដើរៗ គឺ​មិន​អាច​ទម្លាក់​ថវិកា​ដោយ​គំហុក​បាន​តាម​ការ ឃោសនា របស់​គណបក្ស​នយោបាយ​ផ្សេងៗ​នោះទេ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា កសាង​ធនធានមនុស្ស ​នៅតាម​ឃុំ សង្កាត់​បាន​គួរសម ​ទើប​រាជរដ្ឋាភិបាល​បង្កើន​ថវិកា​បន្ថែម​ រួមទាំង​ ការរក​ថវិកា​មូលនិធិ​ដោយ​ខ្លួនឯង​ផង​។ ឃុំ​សង្កាត់​ទាំងអស់​ អាច​ម្ចាស់ការ​បាន ហើយ​ត្រូវ​ប្រើប្រាស់​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​ភាព​ល្អប្រសើរ​ មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​។

លោក ហោ ឃឺ​ន ចៅសង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បាន​លើកឡើងថា​ កន្លងទៅ រាជរដ្ឋាភិបាល បាន​វិភា​ជ​ថវិកា ​ប្រមាណ​បី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ដល់​សង្កាត់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ​ប៉ុន្តែ​ថវិកា​នោះ នៅ​មាន កម្រិត ដោយ​ការបែងចែក​ទៅ​អភិវឌ្ឍ ឬ​ជួយសង្គ្រោះ​ពលរដ្ឋ​ក្រីក្រ ​ឬ​ពលរដ្ឋ​ងាយ​រងគ្រោះ មិនបាន​ច្រើន និង​នៅ​មាន​ផលវិបាក​ច្រើន​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ថវិកា​វិភា​ជ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​មូលដ្ឋាន ឲ្យ​កាន់ តែ​រីកចម្រើន នៅ​ឆ្នាំ​២០២០ បន្ថែម​លើ​ថវិកា​បច្ចុប្បន្ន ​ឲ្យ​ដល់​៧​ម៉ឺន​៣​ពាន់​ដុល្លារ ឆ្នាំ​២០២១ ៨ ម៉ឺន ៥​ពាន់ ដុល្លារ ឆ្នាំ​២០២២ ​១០​ម៉ឺន​៥​ពាន់​ដុល្លារ និង​ឆ្នាំ​២០២៣ ​បន្ថែម​ដល់​១១​ម៉ឺន​ដុល្លារ​៕