ក្រុម​អ្នកវិភាគ​ការវិនិយោគ​ពិភពលោក ថា វិបត្តិ​សេដ្ឋកិច្ចពិភពលោក ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ​

290

កំពត ៖ ​បច្ចុប្បន្ន សភាព​ការ​សេដ្ឋកិច្ចពិភពលោក កំពុង​ធ្លាក់ចុះ វិបត្តិ នៃ​ធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក នាពេល នេះ ស្ទើរតែ​ដូច​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៨ និង​២០០៩​។ ​ប៉ុន្តែ​បើតាម​ក្រុមអ្នកវិភាគ​ការវិនិយោគ ​ពិភពលោក បានឱ្យដឹងថា ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ មិនបាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជា​ទេ​ ព្រោះ កម្ពុជា​រស់នៅ​រឹងមាំ ​និង​ក្រោកឈរ​ដោយ​ខ្លួនឯង​។

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ រយៈពេល​មួយឆ្នាំ​២០១៩ របស់​ក្រុមការងារ ថ្នាក់ជាតិ​-​ខេត្ត​ចុះ​មូលដ្ឋាន​ខេត្តកំពត កាលពី​ម្សិលមិញ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត បាន​លើកឡើងថា កម្ពុជា បាន​ប្តេជ្ញាចិត្ត​ការពារ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព ហើយ កម្ពុជា អាច​រស់នៅ​រឹងមាំ ​និង​ក្រោកឈរឡើង​ដោយ​ខ្លួនឯង ដូច្នេះ​កម្ពុជា មិន​ខ្លាច​ការ​គំរាមកំហែង​ពី បរទេស​ណា​ទាំងអស់ ពិសេស​ការ​គំរាម​ថា​ដក ​ឬ​កាត់បន្ថយ EBA ពី​ហស​ភាព​អឺរ៉ុប ជាដើម​។

ឯកឧត្តម បាន​បន្តថា បើតាម​ក្រុមអ្នកវិភាគ​ការវិនិយោគ​ពិភព បាន​បង្ហាញថា ​ស្ថានភាព​សេដ្ឋកិច្ច ពិភពលោក បច្ចុប្បន្ន កំពុងតែ​ជួប​វិបត្តិ​ធ្លាក់​ចុះ​ខ្លាំង ស្ទើរ​ស្មើនឹង​វិបត្តិ​ក្នុង​ឆ្នាំ​២០០៨ និង​២០០៩ ​ប៉ុន្តែ​បើ តាម​ការវិភាគ​នោះ មាន​ប្រទេស​បួន ដែល​មិន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ក្នុងនោះ​ មាន ប្រទេស​កម្ពុជា​ដែរ ព្រោះ​កម្ពុជា មាន​សភាព​ការ​នយោបាយ​សេដ្ឋកិច្ច​ល្អ ការកែទម្រង់​ផ្ទៃក្នុង​បានល្អ មិន បាន​ខ្លាច​សម្ពាធ​ពី​ខាងក្រៅ​ឡើយ​។

ឯកឧត្តម ចម ប្រសិទ្ធ បានស្នើ​ឲ្យ​សមាជិក​ទាំងអស់​ត្រូវ​យក​ចិត​ទុកដាក់​ក្នុង​ការងារ​ចុះ​មូលដ្ឋាន​ និង​ធ្វើ​ផែនទី​ចុះ​ជា​ប្រព័ន្ធ ឲ្យ​បាន​ច្បាស់លាស់ រួមគ្នា​ពង្រឹង​កិច្ចការងារ​របស់​អង្គភាព​ច្រក​ចេញចូល​តែមួយ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​សំណូមព​រ និង​បញ្ហា​សេវា​សាធារណៈ​ក្នុង​មូលដ្ឋាន ទប់ស្កាត់ និង​ការពារ​តំបន់ឆ្នេរ​ឲ្យ​បាន​។

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ឱ្យដឹងពី​លទ្ធផល​ការងារ​រយៈពេល​មួយ​ឆ្នាំ​២០១៩ របស់​ក្រុមការងារ​ថ្នាក់ជាតិ​-​ខេត្ត ចុះ​មូលដ្ឋាន​ក្រុង ស្រុក ជា​លទ្ធផល​រួម​ ក្រុមការងារ​បាន​ចុះ​តាម​បណ្ដា​ឃុំ សង្កាត់ ក្រុង ស្រុក ក្នុង​ឆ្នាំ​២០១៩ សរុប​ចំនួន​៦៤៦​លើក ​ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ ​ចំនួន​ជាង ​ពីរពាន់​បី​រយ​ករណី ក្នុង​នោះបាន​ដោះស្រាយ​ចំនួន​ជាង​មួយ​ពាន់​ប្រាំ​មួយរយ​ករណី កំពុង​ដោះស្រាយ​ចំនួន ៦៧៩​ករណី និង​មិនទាន់​ដោះស្រាយ​ចំនួន​៦២​ករណី​៕