បណ្តា​អ្នកសារព័ត៌មាន​ស្នើ​អ្នកនាំពាក្យ​តាម​ស្ថាប័ន​នានា ​ពន្លឿន​ការ​ឆ្លើយតប​ព័ត៌មាន​រហ័ស​

307

ភ្នំពេញ ​៖ បណ្តា​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ នៅថ្ងៃនេះ ​បានស្នើ​អោយ​បណ្តា​អ្នកនាំពាក្យ​នៅតាម​បណ្តា​ក្រសួង​នានា សូម​បង្កើន​ការទំនាក់ទំនង​គ្នា​ល្អ​ជាមួយ​បណ្តា​អ្នកសារព័ត៌មាន ​ជាពិសេស​សូម​ជួយ​ផ្តល់​ប្រភពព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​របស់ខ្លួន​អោយបាន​លឿន ​ដើម្បីអោយ​អ្នក​សារព័ត៌មាន​ធ្វើ​ការចុះ​ផ្សាយ បាន​លឿន​រហ័ស និង​ទប់ស្កាត់​នូវ​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​ផ្សាយ​មិន​ពិត​។​

បើតាម​លោក ពុ​យ គា ភ្នាក់ងារ​សារព័ត៌មាន​ក្យូ​តូ​ប្រទេស​ជប៉ុន បាន​ប្រាប់​BTV នៅ​ថ្ងៃទី​១០ ខែមករា​នេះ ថា បច្ចុប្បន្ន កម្ពុជា ក៏​ដូច​បណ្តា​ប្រទេស​លើ​ពិភពលោក កំពុងមាន​ភាព​ច្របូកច្របល់​ខ្លាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​ ព័ត៌មាន​មិន​ពិត ដែល​បញ្ហា​នេះ ទាមទារ​អោយ​គ្រប់​ស្ថាប័ន​ក្រសួង ពិសេស​អង្គភាព​នាំពាក្យ​រាជរដ្ឋាភិបាល និង​អ្នកនាំពាក្យ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ ចាំបាច់​ត្រូវ​មាន​ការបំភ្លឺ ពន្យល់ និង​បញ្ជាក់​រឿងរ៉ាវ​អោយបាន​ច្បាស់លាស់​អោយ​បាន​លឿន ​បើ​ពុំ​នោះទេ ព័ត៌មាន​មិន​ពិត​ នឹង​បង្ក​ភាពច្របូកច្របល់​កាន់តែ​នៅក្នុង​សង្គម​។

ដោយឡែក​លោក ម៉ៃ ទិ​ត​ថា​រ៉ា សាស្ត្រាចារ្យ​សា​ព័ត៌មាន .​ក៏​ដូច​អ្នកសារព័ត៌មាន​នានា​ទៀត បាន​ថ្លែងថា បច្ចុប្បន្ន មាន​ក្រសួង​ស្ថាប័នរដ្ឋ មាន​ទំនាក់ទំនង​គ្នា​ល្អ​ច្រើន​ជាមួយ​ដល់​បណ្តា​អ្នក​សារព័ត៌មាន តែ​ទោះយ៉ាងណា លោក ស្នើអោយ​រដ្ឋមន្ត្រី​នៅតាម​បណ្តា​នានា​ទៀត​ សូម​ធ្វើ​ប្រតិភូកម្ម​អោយ​បាន​ច្បាស់លាស់​ជូន​មន្ត្រី​របស់ខ្លួន​ធ្វើការ​ជា​អ្នកនាំពាក្យ​ជាមួយ​អ្នកសារព័ត៌មាន​ជៀសវាង​ឆ្លើយ​ដាក់គ្នា​នាំ​អោយមាន​ភាព​យឺតយ៉ាវ​ផ្តល់​ប្រភពព័ត៌មាន​។

ឯកឧត្តម ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​បាន​ថ្លែងថា​ គ្រប់ការ​ចុះផ្សាយ​សារព័ត៌មាន​ទាំងអស់ ប្រសិនបើ​អ្នកយកព័ត៌មាន ​មិនមាន​ការសាកសួរ​ប្រភព ពី​អ្នក​នាំពាក្យ​ក្រសួង ឬ​មិន​មាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នោះទេ ​ធ្វើអោយ​ការចុះផ្សាយ​ព័ត៌មាន​នោះ ក្លាយ​ជា​ព័ត៌មាន​មិនមាន​វិជ្ជាជីវៈ ​មិន​ប្រភព​ច្បាស់ ជា​ព័ត៌មាន​មិន​ពិត​ ហើយ​ពេលខ្លះ​ធ្វើអោយ​ប៉ះពាល​សិទ្ធ​សេរី​អ្នកដទៃ នាំអោយមាន​ការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​។

ទោះយ៉ាងណា​ឯកឧត្តម​ ជិន ម៉ា​លីន ​បញ្ជាក់ថា ​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​នៅ​កម្ពុជា​គឺមាន​ភាព​រីកចំរើន ​ដោយសារ​រាជរដ្ឋាភិបាល​បាន​ទទួល​ស្គាល់​តួនាទី​របស់​អ្នក​សារព័ត៌មាន និង​បាន​បង្កើត​អោយមាន​អង្គភាព​នាំពាក្យ​រាជរដ្ឋាភិបាល និង​អ្នកនាំពាក្យ​នៅតាម​បណ្តា​ក្រសួង​ស្ថាប័នរដ្ឋ​នានា​ទៀត​៕