រាជរដ្ឋាភិបាល កំណត់​ប្រមូល​ចំណូល​ក្នុង​រង្វង់​ ៣០ ៣៩៥ ប៊ី​លាន​រៀល​

166

ភ្នំពេញ ៖ ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ​ កំណត់​ការ​ប្រមូល​ចំណូល​កំណត់​ចូល​ថវិកា​ជាតិ ​លើ​ផ្នែក​ពន្ធដារ​, វិភាគទាន​, អាករ​, ផលទុន​ និង​ចំណូល​នានា​ រួម​ជាមួយ​ការសម្រេច​នូវ​ការ​ឧបត្ថម្ភ​ធុន​វិនិយោគ ​និង​ការ​កម្ចី​តាម​មាតិកា ​ថវិកា​ ក្នុង​ទឹក​ប្រាក់​ សរុប​ជាង ៣០ ៣៩៥ ប៊ី​លាន​រៀល ។

ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង ឆ្នាំ​២០២០ ដែល​រដ្ឋសភា​បាន​អនុម័ត​ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ ក្នុងនោះ​ព្រឹទ្ធសភា​បាន​ពិនិត្យ​សព្វគ្រប់​លើ​ទម្រង់​ និង​គតិ​ច្បាប់​ កាលពី​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០១៩ ​នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤​ នីតិកាល​ទី​៤ ​បាន​កំណត់​ការ​ប្រមូល​ចំណូល​កំណត់​ចូល​ថវិកា​ជាតិ​ លើ​ផ្នែក​ពន្ធដារ​, វិភាគទាន​, អាករ​, ផលទុន និង​ចំណូល​នានា​ រួមជាមួយ​ការ​សម្រេច​នូវ​ការឧបត្ថម្ភ​ធុន​វិនិយោគ ​និង​ការ​កម្ចី​តាម​មាតិកា​ថវិកា​ ក្នុង​ទឹកប្រាក់​ សរុប​ជាង ៣០ ៣៩៥ ប៊ី​លាន​រៀល ។

ពាក់ព័ន្ធ​និង​ការប្រមូល​ចំណូល​នេះ សម្រាប់​ការ​ប្រមូល​ចំណូល​ចរន្ត ក្នុង​រង្វង់​ប្រមាណ​ជាង​ ២៣ ៨៩៩ ប៊ី​លាន​រៀល ​និង​ចំណូល​មូលធន​ប្រមាណ​ជាង ​៦ ៤៩៦ ប៊ី​លាន​រៀល ​ក្នុងនោះ​ចំណូល​មូលធន​ក្នុងស្រុក​ជាង​ ១៩៣ ប៊ី​លាន រៀល និង​ចំណូល​មូលធន​ក្រៅ​ប្រទេស​ជាង ​៦ ៣០៣ ប៊ី​លាន​រៀល និង​មូលនិធិ​ទ្រទ្រង់​ថវិកា ​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អភិវឌ្ឍ ប្រមាណ ២៥០ ប៊ី​លាន​រៀល រួមជា​មួយ​ថវិកា​ វិនិយោគសាធារណៈ​ដោយ​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស​ជាង ៦ ០៥៣​ ប៊ី​លាន រៀល​ផងដែរ ។

ចំណែក​ចំនួន​ទឹកប្រាក់​ជា​អតិបរមា នៃ​ឥណទាន​ចំណាយ​ថវិកា​ថ្នាក់ជាតិ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវបាន កំណត់​ស្មើ ​ប្រមាណ​ជាង ៣១ ០៩៥ ប៊ី​លាន​រៀល ដោយ​ត្រូវ​បែងចែក​មាន ​៖ ចំណាយ​ចរន្ត​ក្នុង​រង្វង់​ជាង ១៨ ០៣៦ ប៊ី​លាន​រៀល និង​ចំណាយ​មូលធន​ ក្នុង​ចំនួន​ជាង ១៣ ០៥៨ ប៊ី​លាន​រៀល​ ក្នុងនោះ ​វិនិយោគ​សាធារណៈ​ដោយ​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស​ប្រមាណ​ជាង ៥ ៨៩៩ ប៊ី​លាន​រៀល និង​ថវិកា ​ថ្នាក់ជាតិ ​៥ ៦៤៩​ប៊ី​លាន​រៀល ដោយ​បាន​មកពី​គម្រោង​វិនិយោគ​ផ្ទាល់​ជាង ៥ ០១៩ ប៊ី​លាន​រៀល​, បដិភាគ​ក្នុង​ការ​អនុវត្តន៍​គម្រោង​ហិរញ្ញប្បទាន​ក្រៅប្រទេស​ប្រមាណ ៦៣០ ប៊ី លាន​រៀល និង​ដោយ​មូលនិធិ​ទ្រទ្រង់​ថវិកា​ ហិរញប្បទាន​ដោយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ ២៥០ ប៊ី​លាន​រៀល ។ ​ចំពោះ​ការ​វិនិយោគ​សាធារណៈ​ដោយ​ហិរញ្ញប្បទាន ​​ក្រៅប្រទេស​ មាន​ចំនួន​ជាង ៦ ០៥៣ ប៊ី​លាន​រៀល និង​ការ​ទូទាត់​ការ​កម្ចី មាន​ទឹកប្រាក់​ប្រមាណ​ជាង ​ ១ ១០៥ ប៊ី​លាន​រៀល​ផងដែរ ៕