ឯកឧត្តម ឈាង វុន ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នយោបាយ​ក្នុង​កិច្ច​ប្រជុំ​ប្រចំា​ឆ្នាំ​លើក​ទី​២៨ ​APPF នៅអូស្រ្តាលី

105

អូស្ត្រាលី៖ ឯកឧត្តម ​ឈាង វុន សមាជិករដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​ សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មា​ន​នៃ​រដ្ឋសភា បានចូ​លរួម​កិ​ច្ច​ប្រជុំ​គណៈកម្មាធិការ​នយោបាយ​ និង​សន្តិសុខ​ នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ី​ហ្វិក​លើក​ទី២៨ ​នាវិមាន​រដ្ឋសភា​អូស្រ្តាលី ​នាទី​ក្រុង​កង់​បេរ៉ា ​នៅព្រឹក​ថ្ងៃ​ទី១៤ ខែ​មករា  ឆ្នាំ២០២០នេះ។

សភាអូស្រ្តាលី​កំពុង​រៀប​ចំ​កិច្ច​ប្រជុំប្រចំា​ឆ្នាំ​APPF​ លើក​​ទី​២៨ ​ក្រោម​មូល​បទ​ «ភាពដៃ​គូ​សភា​សម្រាប់​ឆ្នាំ២០២០ ​និង​ឆ្នាំ​បន្ត​បន្ទាប់​ » ពី​ថ្ងៃ​ទី​១៣  ដល់ថ្ងៃ​ទី​១៥ ខែ​មករា​ ឆ្នាំ​២០២០ ​ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ សភា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រួម ​ក្នុង​វិស័យ​សន្តិសុខ ​នយោបាយ ​បរិស្ថាន ​សេដ្ឋកិច្ច​។ ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នយោបាយ ​ និង​សន្តិសុខ ​បាន​ពិភាក្សា​ ផ្លាស់ប្តូរ​យោបល់​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចំនួន​៤ ដែល​ផ្តោត​លើកា​រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សភា​។ ​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​អំពើ​ភេរវកម្ម​ និង​ភាព​ជ្រុលនិយមនៅ​ក្នុង​តំបន់​។

ឯកឧត្តម ឈាង វុន ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ ​បាន​លើក​ឡើង​ ពី​ការ​ព្រួយ​បារម្ភ​របស់​ពលដ្ឋ ​ ​ជា​ទូទៅ​ជុំវិញ​ជម្លោះ​នៅ​មជ្ឈឹម​បូព៌ា ​ជាពិសេស​ជម្លោះ​អីរ៉ាក់ ​និង​អាមេរិក ​ដែល​កំពុង​មាន​ភាព​តាង​តឹង​។ ​ក្នុង​ពេល​បញ្ហា​ជា​ច្រើន​បាន​កំពុង​កើត​មាន​ឡើង​នោះ​ ការ​ជំរុញ​និង​លើក​កម្ពស់​យន្ត​ការ​ សភា ​បង្កើន​កិច្ច​សហប្រតិបត្តិកា​រគ្នា​ ​ជាកត្តា​សំខាន់​។ ​កម្ពុជា​ប្រកាន់​គោល​ជំហ​ពហុនិយម​ និង​ប្រឆំាង​ចំពោះ​អំពើ​ហិង្សា​ជ្រុល​និយម ​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ​។

រដ្ឋសភា​កម្ពុជា​កំពុង​លើក​កម្ពស់​វិស័យ​ការ​ទូត ​និង​ភាពជាដៃ​​គូសភា ​និង​បានអ​នុម័ត​ច្បាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​អំពើ​ភេរវកម្ម​នានា​។

សូម​ជម្រាប​ថា ​វេទិកា​សភាអា​ស៊ី-​ប៉ាស៊ីហ្វិក ​“The Asia Pacific Parliamentary Forum” ផ្តួច​ផ្តើម​បង្កើត​ឡើងដោយ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​  ឯកឧត្តម Yasuhiro Nakasone ក្នុង​ឆ្នាំ​១៩៩៣ ​មាន​គោល​បំណង​ប្រមូល​ផ្តុំសភា​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​ជួប​ប្រជុំ​ប្រចំា​ឆ្នាំ ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រួម​ ជំរុញ​សុខសន្តិភាព ​និង​ការ​អភិវ​ឌ្ឍប្រកប​ដោយ​ចីរភាព​នៅ​ក្នុងតំ​បន់​ និង​សកល​លោក​។

អង្គការ​សភា​មួយ​នេះ ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ភាព​ជ្រុល​និយម​នៅតំ​បន់​អាស៊ី​ប៉ាស៊ី​ហ្វិក​  មាន​សមាជិក២៧​ប្រទេស ​មាន​ប្រទេសអូ​ស្រា្តលី ​ព្រះរាជាណាច​ក្រ​កម្ពុជា ​ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋ​អាមេរិក អេក្វាឌ័រ និងកូស្ការីការ។

ក្នុងការ​ដំណើរ​ការ​កិច្ច​ប្រជុំ​ពេញ ​រយៈ​ពេល​ពី​រ​ថ្ងៃ​មក​នេះ ​APPF ​លើក​ទី​២៨ ​បាន​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ស្រ្តី​ ដែល​បាន​ពិភាក្សា​លើ​សេចក្តី​សម្រេច​ចំនួន​៣។​ នៅព្រឹក​នេះ​ប្រជុំ​គណៈកម្មាធិការ​នយោបាយ​ ហើយ​ពេល​រសៀល​នឹង​ប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច ​ហើយ​បន្ត​បន្ទាប់​ ត្រូវ​ប្រជុំ​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​តំបន់ ​និង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សេចក្តី​ប្រកាស​រួម​ជាដើម៕​