សម្តេច​ពញា​ចក្រី ហេង សំរិន​ ជួប​ជាមួយ ​ប្រធានរដ្ឋសភា​អូស្រ្តាលី ​ដើម្បី​ពង្រឹង​កិច្ច សហប្រតិបត្តិការ ​សភាប្រទេស​ទំាងពីរ

34

 

ភ្នំពេញ ៖ ​អំឡុងពេលដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្រ្តាលី ​ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី ​និងជាប្រធានAPPF ​លើកទី២៨ ​នៅវិមានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹង​​កិច្ចសហប្រតិការសភាប្រទេសទំាងពីរ ​ឲ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមប្រធានរដ្ឋសភាអូស្រ្តាលី ​បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេចប្រធាន​​រដ្ឋសភា ​ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាមកចូលរួមកិច្ចប្រជុំAPPF ​ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ ។ អូស្រ្តាលី បានសិក្សានិងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ច​​ប្រជុំAPPF លើកទី២៧​ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើង​ពីសារៈសំខាន់របស់សភាអូស្រ្តាលី​​នៅក្នុង​វេទិកា​អន្តរសភាក្នុងតំបន់ និងសកលលោក ។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់​​ចំពោះការ​រៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹម​សារបង្ហាញសារៈសំខាន់ ពី​​កិច្ច​​សហប្រតិបត្តិការល្អនូវសមាជិកAPPF​ ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាល ​និងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគ​​ទាន​​យ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា។បច្ចុប្បន្នអូស្រ្តាលីជា ដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជាស្ទើរគ្រប់វិស័យ។

ឆ្លៀតឱកាសនេះ សម្តេច បានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជា​ពិសេស​ជួយ​ជម្រុញវិនិយោគ ​និងទេសចរណ៍ពីអូស្ត្រាលី ​ទៅកម្ពុជា និងជួយបណ្តុះ​​បណ្តាល​​ធនធាន​​មនុស្សដល់កម្ពុជា ​និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា​មកសិក្សានៅអូស្រ្តាលី ពី​ព្រោះការអភិវឌ្ឍ នៅកម្ពុជាសព្វថ្ងៃ ​ត្រូវការធនធានមនុស្សជាចាំបាច់។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ​​និងមិត្តភាព​​នៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអ៊ឺរ៉ុប ​លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើនិងការលើកឡើងរបស់សម្តេច​ប្រធានរដ្ឋសភា។ ឯកឧត្តម មានក្តីរីករាយចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង​សភា​​ប្រទេសទំាងពីរ ​មានការរីកចម្រើនជាលំដាប់។

សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF​ នាទីក្រុងកុងបេរ៉ា នេះ សម្តេចប្រធាន​​រដ្ឋសភា​ បានទទួលជួបពិភាក្សាការងារផ្លូវការនិងក្រៅផ្លូវការជាមួយប្រតិភូសភា ​ដែលជាសមាជិក APPF ​និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាង​​សភាកម្ពុជា និងបណ្តាប្រទេសជាមិត្ត៕