ទិវា​រត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​រៀបចំ​ដើម្បី​លើក​ទឹក​ចិត្ត​ស្ត្រី​ក្នុង​កីឡា​

70

រត់​ប្រណាំង៖ គណៈកម្មការ​ស្ដ្រី​ និង​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ប្រកាស​នឹង​រៀបចំ​ទិវា​រត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គីឡូម៉ែត្រ ឬ Women 10K នា​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០២០ ខាង​មុខ​ដើម្បី​លើកទឹកចិត្ត​ស្ដ្រី​ចូលរួម​លេង​កីឡា​ឲ្យ​បាន​កាន់​តែ​ច្រើន។

ឯកឧត្ដម ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ដើម​សប្ដាហ៍​នេះ​ថា ព្រឹត្តិការណ៍​នេះ​គឺជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បី​ជំរុញ​ស្ដ្រី​ចូលរួម​លេង​កីឡា ​និង​ចម្រាញ់​រក​ធនធាន​កីឡា​ការិនី​ឲ្យ​បាន​កាន់តែ​ចម្រើន​ សម្រាប់​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។​ ក្រៅពី​ចង់​លើកកម្ពស់​ស្ដ្រី​ក្នុង​កីឡា​ព្រឹត្តិការណ៍ Women 10K ក៏​ស្ដែង​ចេញ​នូវ​ការ​គាំទ្រ​សមភាព​យេនឌ័រ​នៅ​ទិវា​នារី​អន្តរជាតិ ៨-​មីនា ពិសេស​រួមចំណែក​ការពារ​ថែរក្សា​បរិស្ថាន​ ស្រប​ពេល​កម្ពុជា​កំពុង​បើក​យុទ្ធនាការ​កម្ពុជា​ស្អាត​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣។ ម្យ៉ាង​បើ​សិន​ការ​រៀប​ចំ​នេះ​ទទួល​បាន​ជោគជ័យ ​គណៈកម្មការ​នឹង​បង្កើត​ជា​មូលនិធិ​ដើម្បី​គាំទ្រ​សកម្មភាព​ស្ដ្រី​ ក្នុង​កីឡា​កម្រិត​អាជីព​ទៀត​ផង។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន។​

ទន្ទឹម​ជាមួយគ្នា​លោកជំទាវ​ កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ដ៏​ស្ដ្រី​និង​កីឡា​ការិនី​ឆ្នើមៗ​របស់​កម្ពុជា​ទាំងអស់​ ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ ដើម្បី​បង្ហាញ​នូវ​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​ដោយ​ស្មើភាព​ជាមួយ​បុរស។​ តែ​ក្រៅពី​ផ្ដោត​លើ​ស្ដ្រី លោកជំទាវ​ក៏​សង្ឃឹមថា ​នឹង​មាន​បុរស​ចូលរួម​រត់​កម្សាន្ត​ផង​ដែរ ខណៈ​ព្រឹត្តិការណ៍​នេះគឺ​បែង​ចែក​ជា ​២​វិញ្ញាសា​រួមមាន​វិញ្ញាសា​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ និង ៤​គីឡូម៉ែត្រ។​ គួរ​បញ្ជាក់​ថា ​ចំពោះ​ការ​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះ ​គឺ​ផ្ដោត​សំខាន់​លើ​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ​សម្រាប់​បរទេស​តម្លៃ​ចុះ​ឈ្មោះ ២០​ដុល្លារ និង​ខ្មែរ​តម្លៃ ១០​ដុល្លារ។ ​ចំណែក​រត់​ចម្ងាយ ៤​គីឡូម៉ែត្រសម្រាប់​បរទេស​តម្លៃ​ចុះឈ្មោះ ១៥​ដុល្លារ​ និង​ខ្មែរ​តម្លៃ ៧​ពិន្ទុ​ដុល្លារ​ប៉ុណ្ណោះ ហើយ​ការ​បង់​ប្រាក់​នេះ​គឺ​សម្រាប់​បោះ​ពុម្ព​អាវ និង​សម្ភារៈ​មួយ​ចំនួន​ផ្ដល់​ជូន​អ្នក​រត់​វិញ​ មិនមែន​ការ​យក​ផល​ចំណេញ​នោះ​ទេ។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន៕

អត្ថបទ៖ លី ឈុន​ឡា