ហ្វីលីពីន​ព្រមាន​ពី​ការ​ផ្ទុះ​ដ៏​សាហាវ​ថែមទៀត​ បន្ទាប់​ពី​ភ្នំភ្លើង​តា​ល់​ព្រួស​ផ្សែង​ផេះ​នៅ​ក្បែរ​ទីក្រុង​ម៉ានីល​

778

ហ្វីលីពីន៖ អាជ្ញាធរ​ហ្វីលីពីន​បាន​ជំរុញ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ សរុប​រាប់​លាន​នាក់​នៅ​ជិត​រដ្ឋធានី​ម៉ានីល ​បន្ទាប់ពី​ភ្នំភ្លើង​មួយ​បាន​ព្រួស​ផ្សែង​ផេះ ​រហូតដល់​ទៅ​កម្ពស់ ១៤​គីឡូម៉ែត្រ​ទៅលើ​អាកាស​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជំរុញ​ឱ្យ​មាន​ការព្រមាន​ថា​ នឹង​អាច​មាន​ការ​ផ្ទុះ​បន្ថែម​ទៀត​។

ភ្នំភ្លើង​តា​ល់​ដែល​មាន​ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រដ្ឋធានី​ម៉ានីល​នៅ​លើ​កោះ Luzon គឺជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ ដែល​មាន​សកម្មភាព​បំផុត​របស់​ប្រទេស​នេះ​។ រូបភាព​ពី​កន្លែង​កើត​ហេតុ​កាលពី​ថ្ងៃ​ច័ន្ទ​ បង្ហាញ​ពី​កម្អែល​ភ្នំភ្លើង​ចាប់ផ្ដើម​ហូរ​ចេញ​ចំណុច​ភ្នំភ្លើង​ផ្ទុះ។​ វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង ​និង​រញ្ជួយ​ដី​ហ្វីលីពីន (PHIVOLCS) បាន​បង្កើន​ប្រកាស​អាសន្ន​ដល់​កម្រិត​ទី​៤​ មាន​ន័យថា​ “ការ​ផ្ទុះ​ដែល​អាច​មាន​បន្ថែម​ទៀត” អាច​នឹង​កើតឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង ឬ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ កម្រិត​ប្រកាស​អាសន្ន​ទី​៥ គឺជា​កម្រិត​ខ្ពស់​បំផុត​ដែល​បង្ហាញ​ថា ​នឹង​មាន​ការ​ផ្ទុះ​មួយ​កើត​ឡើង​៕

អត្ថបទ៖ សុខ​មាន