កង​ទ័ព​អាមេរិក​សម្អាត​កម្ទេចកំទី​​ក្នុង​មូលដ្ឋាន​​ទ័ព​អ៊ីរ៉ាក់ ​​​បន្ទាប់​ពី​​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​

1316

អ៊ីរ៉ាក់៖ កង​ទ័ព​អាមេរិក​​បាន​សម្អាត​កម្ទេចកំទី​ និង​របស់​របរ​បាក់​បែក​​ចេញ​ពី​មូលដ្ឋាន​​យោធា​មួយ​កន្លែង​ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ទាហាន​​អាមេរិក​​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​​ភាគ​ខាង​លិច​​កាល​ពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ ​ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​មូលដ្ឋាន​​នេះ​ត្រូវ​បាន​រង​ការ​វាយប្រហារ ​​ដោយ​មីស៊ីល​បាលីស្ទិក​​របស់​អ៊ីរ៉ង់​ នៅ​ក្នុង​ការ​​ឡើង​កម្តៅ​​ដ៏​ខ្លាំង​រវាង​​គូស​ត្រូវ​ទាំង​២ ជា​យូរ​មក​ហើយ​នោះ។

ការ​វាយប្រហារ​​របស់​អ៊ីរ៉ង់​​គឺ​ជា​ការ​សង​សឹក ​ចំពោះ​​ការ​វាយប្រហារ​​​ដោយ​យាន​ដ្រូន​​​របស់​អាមេរិក ​​នៅ​ក្បែរ​អាកាស​យានដ្ឋាន​​ក្រុង​បាដាដ​ ដែល​បាន​សម្លាប់​​មេបញ្ជាការ​​ជាន់​ខ្ពស់​អ៊ីរ៉ង់​លោក កាសសេម សូឡេម៉ានី ដែល​ជំរុញ​ឲ្យ​​មាន​ការ​ប្រកាស​សង​សឹក​​ចំពោះ​ការ​សម្លាប់​នោះ។ រណ្ដៅ​ថ្ម​ធំ​ៗ​នៅ​ក្នុង​​ដី និង​រថយន្ត​​សណ្ដោង​​យោធា​ធំ​ៗ ​ត្រូវ​បាន​​​គ្រឿង​យន្ត​ឈូស​​លើក​កម្ទេច​ថ្ម​ និង​បាន​​ដាក់​ទៅ​លើ​រថយន្ត​ធំ​ៗ​ ចេញ​ពី​តំបន់​ធំ​មួយ​កន្លែង​មាន​ទំហំ​ស្មើ​​នឹង​កីឡដ្ឋាន​​បាល់​ទាត់​មួយ​កន្លែង។ ​ទាហាន​អាមេរិក​​បានត្រួត​ពិនិត្យ​​កន្លែង​ ​អង្គភាព​ស្នាក់​នៅ​​ចល័ត​ដែល​បាន​រង​ការ​បំផ្លាញ និង​​ឆេះ​​ដោយ​ការ​វាយប្រហារ​​មីស៊ីល។

មូលដ្ឋាន​​ទ័ព​អាកាស​​​ក្នុង​ខេត្ត​អាន់បា​នា​ភាគ​ខាង​លិច​ក្រុង​បាដាដ​ ជា​ទីតាំង​រួម​ជាមួយ​យោធា​អ៊ីរ៉ាក់​ និង​កន្លែង​ស្នាក់​នៅ​​របស់​សមាជិក​​យោធា​អាមេរិក​​ប្រហែល ១៥០០នាក់ និង​កង​សម្ព័ន្ធ​​ដឹក​នាំ​ដោយ​អាមេរិក ដែល​វាយ​ប្រហារ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ មូលដ្ឋាន​​ទ័ព​អាមេរិក​ត្រូវ​បាន​រង​ការ​វាយប្រហារ​ ដោយ​​ផ្ទាល់​​របស់​អ៊ីរ៉ង់​​ទៅ​លើ​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​រឹប​អូស​​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​តេអេរ៉ង់។ ​អាមេរិក​បាន​និយាយ​ថា មិន​មាន​កង​ទ័ព​អាមេរិក​ណា​ម្នាក់​ត្រូវ​បាន​​បាត់បង់​ជីវិត​ ឬ​រង​របួស​​ក្នុង​ការ​វាយប្រហារ​​របស់​អ៊ីរ៉ង់​​នោះ​ទេ៕

អត្ថបទ៖ រិទ្ធី