NOCC កំណត់​តំបន់​ទេសចរណ៍​ថ្មី​មួយ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ផ្សង​ព្រេង​ឆ្នាំ​នេះ​

95
រូបឯកសារ

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​ក្រសួងទេសចរណ៍បាន​នឹង​កំពុង​សហការ​គ្នា​ ត្រៀម​ពង្រីក​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ថ្មី​មួយទៀត នៅ​តំបន់​ទេសចរណ៍​ព្រហ្មចារី​យ៍គឺ​តំបន់​អូរ​សោម ស្ថិតនៅ​ស្រុក​វាលវែងខេត្ត​ពោធិ៍សាត់​ក្នុង​ឆ្នាំ​២០២០​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​រដ្ឋលេខាធិការ​ក្រ​សូង​ទេសចរណ៍កាលពី​ថ្មីៗ។

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​គូស​បញ្ជាក់​ថា ដោយមាន​ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ អូរ​សោម ត្រូវ​បាន​ចាត់ទុកជា​តំបន់​ទេសចរណ៍​ព្រហ្មចារី​យ៍ ក៏​ព្រោះ​តំបន់​នេះកម្រ​មាន​មនុស្ស​ទៅដល់ តែ​ប្រៀប​បាន​ឋានសួគ៌​ដ៏​ល្អ​ឯក ដ្បិត​មានសម្បត្តិ​ធម្មជាតិមាន​ទាំង​ទឹកធ្លាក់ ព្រៃភ្នំ​ដ៏​ស្រស់​ស្អាត។ កត្តា​នេះ​ហើយទើប​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្ដេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ផ្សង​ព្រេង​មួយទៀតក្នុង​ឆ្នាំ​២០២០ នេះ។​ ជុំវិញ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះ​ដែរ ឯកឧត្ដម​បាន​បន្ថែម​ថា ពេលនេះ​ក្រសួង​ទេសចរ​ណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កំពុង​សិក្សា​បន្ថែម​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​ភាគី​ថៃ​ផង​ដែរ ដើម្បី​ជំរុញ​ការរៀបចំ​ឲ្យ​បាន​រលូន ឆ្ពោះ​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ ហើយ​ប្រែក្លាយ​តំបន់​នេះ ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយទៀត សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​រៀង​រាល់​ឆ្នាំ។

ចំពោះ​វិញ្ញាសា​ត្រៀម​ដាក់​ឲ្យ​ប្រកួត​វិញអាច​មាន​ការ​ប្រណាំង​ក​ង់ ការ​រត់​ឡើង​ភ្នំ និង​ការ​បែប​សមាធិ ដូចជា​យូ​ហ្គា​ជាដើម។ ការ​រៀប​ចំ​នេះ​គឺ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ការ​រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ជាតិ តាមរយៈ​ព្រឹត្តិការណ៍​កីឡា ហើយ​ហើយ​ក្រៅពី​តំបន់​អូរ​សោមក៏​តំបន់​មាន​ទេសចរណ៍​ជាច្រើន​ទៀត ដែល​ស្ថិត​ក្នុង​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ថ្មីៗ​បន្ថែម​ទៀត​ផង ដូចជា​នៅ​តំបន់​ភ្នំ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កែប មណ្ឌលគិរី និង​រតនគិរី​ជាដើម៕

អត្ថបទ លី ឈុន​ឡា