មនុស្ស​រាប់​ម៉ឺន​នាក់​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់ ខណៈ​ភ្នំភ្លើង​ហ្វីលីពីន​នៅតែ​បន្ត​ព្រួស​កម្អែ

216

ហ្វីលីពីន៖ អាជ្ញាធរ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា​ ​ភ្នំភ្លើង​តា​ល់​នៅ​ប្រទេស​ហ្វីលីពីន​អាច​ព្រួស​កម្អែ​ភ្នំភ្លើង ​និង​ផ្សែ​ងផេះ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ទៀត ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ប្រឈម​នឹង​ផល​លំបាក​ខ្លាំង​ បន្ទាប់ពី​ពួកគេ​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​ដោយ​ភ័យខ្លាច​ថា ​នឹង​មាន​ការ​ផ្ទុះ​ដ៏​ធំ​មួយទៀត​។

រណ្ដៅ​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​ឡើងជា​សំណុំ​ផ្សែង​ផេះ ​និង​ផ្ទាំង​កម្អែ​ក្រហមឆ្អិនឆ្អៅ​កាលពី​ថ្ងៃអាទិត្យ​ ដែល​បង្ខំ​ឲ្យ​អ្នក​ដែល​រស់នៅ​ជុំវិញ​ភ្នំ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ម៉ានីល ប្រញាប់ប្រញាល់​ទៅ​រក​ទីកន្លែង​សុវត្ថិភាព​។ មនុស្ស​ជាច្រើន​បាន​បោះបង់ចោល​បសុសត្វ និង​សត្វ​ចិញ្ចឹម​ក៏ដូចជា​ផ្ទះសម្បែង ដែល​ពោ​ពេញ​ដោយ​របស់របរ​ប្រើប្រាស់​ជាច្រើន ​បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ព្រមាន​ថា ​“ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​” អាច​កើត​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ការ​ធ្លាក់​កម្ទេច​ផេះ​បាន​ជំ​រុញ​ឱ្យ​មន្ត្រី​អាកាស​ចរណ៍​ បិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់ ​របស់​ទីក្រុង​ម៉ានីល​ជា​បណ្ដោះអាសន្ន ដោយ​បង្ខំ​ឱ្យ​លុបចោល​ជើង​ហោះ​ហើរ​រាប់​រយ​ និង​ធ្វើ​ឱ្យ​អ្នកដំណើរ​រាប់​ម៉ឺន​នាក់​ជាប់​គាំង​។

យោង​តាម​ក្រសួងសុខាភិបាល​ការ​ផ្ទុះ​នេះ ​មិនបាន​បង្ក​ឱ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ ឬ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ​ប៉ុន្តែ​យ៉ាងហោចណាស់​មាន​មនុស្ស ៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​តា​ហ្កា​យ​តា​យ ​(Tagaytay)​ ក្នុង​ខេត្ត​កា​វីត (Cavite) ដោយសារតែ​ជំងឺ​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​កម្ទេច​ផេះ៕

អត្ថបទ៖ សុខ​មាន