លោក Duterte ​អញ្ជើញ​ទៅ​ពិនិត្យ​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ភ្នំភ្លើង​ផ្ទុះ​នៅ​ខេត្ត​បា​តាន​ហ្កា​ស

143

ហ្វីលីពីន៖ លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ​នៅ​ក្នុង​ទីក្រុង​បា​តាន​ហ្កា​ស​ (Batangas) ដែល​ត្រូវ​បាន​ប្រកាស​ថា​ ជា​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​មួយ ​សម្រាប់​ការ​ចំណាយ​ថវិកា​បន្ទាន់​លឿន​ជាង​មុន បន្ទាប់ពី​ការ​ផ្ទុះ​ភ្នំភ្លើងតា​ល់ ​(Taal)​ កាលពី​ថ្ងៃអាទិត្យ​។​

នៅ​ពេល​ដែល​ភ្នំភ្លើង​បាន​ព្រួស​កម្អែ​ផេះ​ឡើងលើ​អាកាស ហើយ​ញ័រ​រញ្ជួយ​ឥត​ឈប់​ឈរ​កាលពី​ថ្ងៃ​អង្គារ លោក Duterte បាន​ហៅ​ស្ថានភាព​នេះ​ថា​ ជា​វិបត្តិ​ដែល​កំពុង​បន្ត​។​ លោក Duterte បាន​និយាយ​ថា ​“មិន​ថា​ភ្នំភ្លើង​នោះ​នឹង​មាន​ការ​ផ្ទុះ​ដ៏​ធំ ​ឬ​វា​នឹង​ផ្ទុះឡើង​យ៉ាងណា​នោះ​ យើង​មិនទាន់​ឃើញ​នៅឡើយ​ទេ​”។​ អម​ដោយ​ក្រុម​មន្ត្រី​ឆ្លើយតប​គ្រោះ​មហន្តរាយ​ជាន់ខ្ពស់ ​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ លោក​បាន​សន្យា​ថា ​រដ្ឋាភិបាល​ជាតិ​នឹង​ជួយ​ក្នុង​ការ​បោសសំអាត​ និង​ការ​កសាង​ឡើង​វិញ​នូវ​ខេត្ត​ដែល​រង​ការខូចខាត ​នៅ​ពេល​ភ្នំភ្លើង​ឈប់​ផ្ទុះ​៕

អត្ថបទ៖ សុខ​មាន