លោក Quique Setien​ បង្ហាញ​ខ្លួន​ផ្លូវ​ការ​ជា​គ្រូ​បង្វឹក Barcelona

106

បាល់ទាត់៖ ​អតីត​គ្រូ​បង្វឹក Real Betis​ លោក Quique Setien ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Barcelona ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បន្ទាប់ពី​ក្លឹប​បាន​បណ្ដេញ​លោក Ernesto Valverde​ កាលពី​ថ្ងៃ​ច័ន្ទ​។​ ​បុរស​វ័យ ៦១​ឆ្នាំ​រូប​នេះ​បាន​ពាក់អាវ​ពណ៌​ក្រហម​ និង​ខៀវ​ រួម​ជាមួយ​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu​ អម​ជាមួយ​លោក Eric Abidal​ បន្ទាប់ពី​បាន​យល់ព្រម​ចុះ​កុងត្រា​រហូតដល់​ខែ​មិថុនា​ ឆ្នាំ​២០២២។​

លោក Valverde ​បាន​ដឹកនាំ​ក្លិប​ឱ្យ​ឈ្នះ​ពានរង្វាន់​អេស្ប៉ាញ La Liga ​ពីរ​ដង​ជាប់ៗ​គ្នា​ និង​ពានរង្វាន់ Copa del Rey ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​កន្លះ​ដែល​គាត់​ទទួលបន្ទុក​។​ ​ទោះបីជា​ក្រុម Barcelona កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​រួម​ ជាមួយ​គូប្រជែង​យ៉ាង​ខ្លាំង​ក៏ដោយ​ក៏​ក្រុម​របស់​លោក Valverde​ មាន​ទំរង់​លេង​មិនល្អ​ឡើយ​នៅ​ក្រៅ​ផ្ទះ​ដោយ​ចាញ់​ក្រុម Athletic Bilbao, Granada និង Levante​ និង​ស្មើ​ជាមួយ ​Osasuna, Real Sociedad​ និង Espanyol​។​ ​កាលពី​សប្ដាហ៍​មុន​ពួកគេ​បាន​ចាញ់ ​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Spanish Super Cup ក្រោម​ស្នាដៃ​ក្រុម Atletico Madrid នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើទឹក​ដី​អារ៉ាប់​រួម​៕

អត្ថបទ​៖​នាង សុភា​វុ​ធ