ក្រុម​អ្នក​តវ៉ា​បិទ​ផ្លូវ​​ហាយវ៉េ​ និង​ផ្លូវ​មួយ​ចំនួន​​ក្នុង​ទីក្រុង​បេរូតប្រទេស​លីបង់​

136

លីបង់៖ ភាព​វឹក​វរ​ទូ​ទាំង​ប្រទេស​បាន​ចាប់ផ្ដើម​​ឡើង​វិញ​ នៅ​សប្ដាហ៍​នេះ​ក្នុង​ប្រទេស​លីបង់​ ខណៈ​ដែល​​ឥស្សរជន​នយោបាយ​​របស់​ប្រទេស​នេះ បាន​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ។ ក្រុម​បាតុករ​បាន​ធ្វើ​​ឲ្យ​ស្ទះ​​ចរាចរណ៍​​នៅ​ក្នុង​រដ្ឋ​ធានី​បេរូត និង​បាន​​ដុត​កង់​​ឡាន​​នៅ​កណ្ដាល​​ផ្លូវ​ហាយវ៉េ។

ប្រទេស​លីបង់​​ត្រូវ​បាន​ស្ថិត​ក្នុង​ស្ថានភាព​តវ៉ា​​ទូទាំង​​ប្រទេស ចាប់តាំង​ពី​ពាក់​កណ្ដាល​​ខែ​តុលា​ ដោយ​ប្រជាជន​​បាន​បរិហារ​ពី​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​​របស់​រដ្ឋាភិបាល​ និង​អំពើ​ពុក​រលួយ​​អស់​រយៈ​ពេល​​​ជា​ច្រើន​​ឆ្នាំ​។ ​នាយក​រដ្ឋមន្ត្រី​​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី​លោក ហាស់សាន ដាយអាប នៅ​មិន​ទាន់​​បាន​បង្កើត​គណៈរដ្ឋមន្ត្រី​​ថ្មី​មួយ​ឡើង​​នៅ​ឡើយ​ទេ​ ដែល​នាំ​ឲ្យ​មាន​ការ​បន្ត​ធ្វើ​បាតុកម្ម​​​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ​។ ​អ្នក​តវ៉ា​​ម្នាក់​បាន​និយាយ​ថា ​ប្រជាជន​​មាន​ការ​​អត់​ឃ្លាន​​ដោយ​សារ​តែ​​វិបត្តិ​​ហិរញ្ញវត្ថុ​របស់​ប្រទេស​។ រូបិយប័ណ្ណ​ក្នុង​ស្រុក​​របស់​ប្រទេស​លីបង់​បាន​​ធ្លាក់​​ថ្លៃ​ជាង ៦០% ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ជា​ច្រើន​សប្ដាហ៍​​ចុង​ក្រោយ ខណៈ​​ប្រភព​មួយ​ចំនួន​នៃ​រូបិយប័ណ្ណ​បរទេស​​ចេះ​តែ​ហោច​ទៅ​ៗ។ ​ស្រប​ពេល​ជាមួយ​​គ្នា​នេះ​ដែរ​ ធនាគារ​មួយ​ចំនួន​​បាន​ដាក់​​ការ​គ្រប់​គ្រង​ក្រៅ​ផ្លូវ​ការ​ ដោយ​កំណត់​​ការ​ដក​ប្រាក់​​ដុល្លារ និង​ការ​ផ្ទេរ​ប្រាក់​​បរទេស​នៅ​ក្នុង​ប្រទេស​មួយ​នេះ ដែល​​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​​ទៅលើ​ការ​នាំ​ចូល​ទំនិញ​មូលដ្ឋាន៕​

​​អត្ថបទ៖ រិទ្ធី