លោក Rouhani ​អំពាវនាវ​ឲ្យ​មាន​តុលាការ​ពិសេស​សម្រាប់​ហេតុការណ៍​ធ្លាក់​យន្តហោះ​

72

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ តុលាការ​ពិសេស​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើបអង្កេត​ ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​ដាក់​ទិសដៅ​ដោយ​ភ័ន្តច្រឡំ​ដោយ​កម្លាំង​អ៊ីរ៉ង់ ​បន្ទាប់ពី​បាន​ហោះ​ចេញពី​ទីក្រុង​តេ​អេ​រ៉ង់​​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់ ១៧៦​នាក់​នៅ​លើ​យន្តហោះ​។

ដំបូង​ឡើយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ មី​ស៊ី​ល​មួយ​គ្រាប់​បាន​បាញ់​ទម្លាក់​យន្តហោះ​នោះ​។​ ទោះ​យ៉ាង​ណា​ដោយ​សារ​តែ​ការ​ប្រឈម​នឹង​ភស្តុតាង​កើន​ឡើង អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា​គឺ​រយៈពេល​ ៣​ថ្ងៃ​បន្ទាប់ពី​ការ​ធ្លាក់​យន្ត​ហោះ​នោះ​ថា ​ឆ្មាំ​បដិវត្ត​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​ដោយ​ចៃដន្យ​។ ប្រធានាធិបតី​ Hassan Rouhani ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ តាម​ទូរទស្សន៍​ក្នុង​ប្រទេស​អ៊ីរ៉ង់​ថា តុលាការ​គួរ​តែ​បង្កើត​តុលាការ​ពិសេស​មួយ ដែល​មាន​ចៅ​ក្រម​ជាន់ខ្ពស់​មួយ​រូប​ និង​អ្នក​ជំនាញ​រាប់​សិប​នាក់។

លោក​បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​ករណី​ធម្មតា​ទេ​។ ពិភពលោក​ទាំងមូល​នឹង​តាមដាន​តុលាការ​នេះ​។​ អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​នោះ នៅ​ពេល​ខ្លួន​កំពុង​ត្រៀម​សម្រាប់​ការ​សង​សឹក​របស់​អាមេរិក​ ដែល​អាច​កើតមាន​សម្រាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក ទៅលើ​មូលដ្ឋាន​យោធា​ចំនួន ២ ដែល​មាន​កងទ័ព​អាមេរិក​កំពុង​ស្នាក់នៅ​​ក្នុង​ប្រទេស​អ៊ីរ៉ាក់​៕

អត្ថបទ៖ សុខ​មាន