ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន ​បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

213

 

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារាចរ​ណែនាំ​ដល់ ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ​បង្កើត​លេខាធិការដ្ឋាន ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហើយ​ត្រូវ​ប្រាស្រ័យ ​ទាក់ទង​ជាប្រចាំ ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គ្រប់ពេលវេលា​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បង្កើត​នូវ​លេខាធិការដ្ឋាន ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្ត រាយ គឺ​បន្ទាប់ពី​សង្កេតឃើញថា​ មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រងគ្រោះ​មហន្តរាយ ​មួយចំនួន ដូចជា​ឧបទ្ទវហេតុ​បាក់​រំលំ​អគារ ​និង​គ្រោះរាំងស្ងួត ជាដើម​។

យោងតាម​សារាចរ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចេញ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ​នាពេល​កន្លងមក រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា​ ក្រសួង​ស្ថាប័ន​មួយ ចំនួន បាន​បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅក្នុង​ក្រសួង ស្ថាប័ន​របស់ខ្លួន​រួចហើយ ក៏ប៉ុន្តែ​នៅ ​មាន​ក្រសួង ស្ថាប័ន​មួយចំនួនទៀត ​មិនទាន់បាន​បង្កើត​យ​ន្ត​ការ​នេះ​នៅឡើយ​ទេ​។ ដូច្នេះ​គប្បី​បង្កើត​នូវ លេខាធិការដ្ឋាន​នេះ ​ដើម្បី​ធ្វើយ៉ាង​ណា​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង និង​សម្រប​សម្រួលការ ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នោះ ឲ្យ​កាន់តែ​ប្រសើរ ​បន្ថែមទៀត​។

សារាចរ បានបញ្ជាក់​ទៀតថា អនុលោម​តាម​មាត្រា​៨ នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​ការងារ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ រាជរដ្ឋាភិបាល ​បានដាក់​ចេញ​នូវ​វិធានការ ពីរ​ចំណុច ១គ្រប់​ក្រសួង ស្ថាប័ន ត្រូវបង្កើត​ឱ្យមាន​លេខា​ធិ ការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​ដែលជា​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅក្នុង​ក្រសួង ស្ថាប័ន​របស់ ខ្លួន ដើម្បី​បំពេញ​មុខងារ​ជា​សេនាធិការ​ផ្ទាល់​ដល់​រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន ដែល​ជា​អនុប្រធាន ឬ​ជា​សមាជិក របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លើ​ការងារ​ដឹកនាំ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ក្នុង វិស័យ​ជំនាញ​របស់ខ្លួន ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ២គ្រប់ ក្រសួង ស្ថាប័ន ត្រូវ​ចាត់​ឱ្យមាន​មន្ត្រី​បង្គោល ដើម្បី​សម្របសម្រួល និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង ជាប្រចាំ​ជា មួយ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ផងដែរ ​បន្ទាប់ពី​ទទួលបាន​នូវ​សារាចរ​ណែនាំ​នេះ​៕