មនុស្ស​ម្នាក់​ស្លាប់ និង ៦នាក់​រង​របួស​​​ក្នុង​ហេតុការណ៍​ផ្ទុះ​រោង​ចក្រ​​គីមី​នៅ​អេស្ប៉ាញ​

238

អេស្ប៉ាញ៖ ក្រុម​អាជ្ញាធរ​​ក្នុង​តំបន់​បាន​និយាយ​ថា ​ការ​ផ្ទុះ​​ដ៏​ធំ​មួយ​នៅ​ឯ​​រោង​ចក្រ​​គីមី​ឥន្ធនៈ ​​នៅ​ភាគ​ឦសាន​​ប្រទេស​អេស្ប៉ាញ​​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​ ៦នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​​​កាល​ពី​ថ្ងៃ​អង្គារ​​។ អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​ប្រចាំ​តំបន់​ សម្រាប់​ទីក្រុង​​កំពង់ផែ​តារ៉ាហ្គោណា​ ជា​ទី​តាំង​រោង​ចក្រ​​នោះ​បាន​និយាយ​ថា ​ការ​ស៊ើប​អង្កេត​​បឋម​បាន​បង្ហាញ​ថា កម្លាំង​នៃ​ការ​ផ្ទុះ​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​​សង្កាត់​​ក្បែរ​នោះ។

អ្នក​នាំ​ពាក្យ​​រូប​នេះ​បាន​និយាយ​​ថា លោក​មិន​មាន​ព័ត៌មាន​​លម្អិត​បន្ថែម​​ទៀត​ទេ។ ​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​​នៃ​តំបន់​កាតាឡូនី​ របស់​ប្រទេស​អេស្ប៉ាញ​​លោក មីគែល ប៊ូច បាន​និយាយ​​តាម​​បណ្ដាញ​ Twitter ថា ការ​ផ្ទុះ​នេះ​​បណ្ដាល​​​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​​ធ្វើ​ឲ្យ​មនុស្ស ៦នាក់​រង​របួស ខណៈ​​មនុស្ស​ម្នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ ​ទីភ្នាក់ងារ​​ការពារ​ជន​ស៊ីវិល​​នៅ​ក្នុង​តំបន់​កាតាឡូនី បាន​ហៅ​ការ​ផ្ទុះ​នេះ​ថា ជា​គ្រោះ​ថ្នាក់​សារធាតុ​គីមី ហើយ​បាន​ព្រមាន​ដល់​មនុស្ស​នៅ​ផ្នែក​ខ្លះ​​នៃ​ទីក្រុង​ចំនួន ៨សែន​នាក់​នៅ​ក្នុង​ទី​ប្រជុំ​ជន​​ដែល​នៅ​ក្បែរ​នោះ ​ឲ្យ​ជៀស​វាង​កុំ​ចេញ​​ទៅ​ក្រៅ​ផ្ទះ​​ ជា​វិធាន​ការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទ៖ រិទ្ធី