វាលស្មៅ​ប្រាសាទ​អង្គរ នឹងមាន​ភាព​បៃតង​ខួបប្រាំងខួបវស្សា ក្នុង​ឆ្នាំ​២០២០

269

សៀមរាប ៖ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ស្រស់ស្រាយ ទេសភាព​បៃតង និង​បរិស្ថាន​ល្អ ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​កែលម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ពី​ការដាំ​ស្មៅ ដាំ​កូនឈើ ដាំ​ផ្កា​ព្រៃ ជួសជុល​ផ្លូវ ​និង​ប្រព័ន្ធ​រំដោះ ទឹក ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ ដើម្បី​ឱ្យមាន​ភាព​ខៀវខ្ចី​ខួបប្រាំង​​ខួបវស្សា​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានបង្ហាញ​ពី​មោទនភាព​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ​នាពេល​កន្លងមក ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការ​លើក កម្ពស់​សោភ័ណភាព និង​ទេសភាព​បៃតង និង​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ដើម្បី​បន្ត​រៀបចំ សោភ័ណភាព​បរិស្ថាន ​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។ ​ជាក់ស្ដែង ក្រុមការងារ ​កំពុងតែ​បាន ធ្វើការ​ដកហូត​ដើមឈើ និង​កាត់​ក្រី​មែកឈើ ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវ ទេសចរ រៀបចំ​បង្កើន​ទេសភាព​បៃតង នៅ​ខាងត្បូង​ប្រាសាទ​​អង្គរវត្ត ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​។ ល​។ ដូច្នេះ​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា កំពុងតែ​អនុវត្ត និង​ផែនការ​អនាគត គឺ​សំដៅ​លើកកម្ពស់​សោភ័ណ ភាព ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ​មិន​ត្រឹមតែ​ប្រា សាទ​អង្គរវត្ត​នោះទេ តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។

ដោយឡែក អំពី​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាលស្មៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​វិញ អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ដែល​នឹង ធ្វើការ​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ទាំង​ខួបប្រាំងខួបវស្សា ​ហើយ​កិច្ចការ​នេះ​ នឹងត្រូវ​អនុវត្ត​ឱ្យ​រួចរាល់ នៅ ក្នុង​ឆ្នាំ​២០២០​។​ លើសពីនេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារកិច្ច សម្រាប់ ភ្ញៀវទេសចរ ​ការរៀបចំ​ចំណត​ត្រឹមត្រូវ ពិសេស​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ការដាំ​កូនឈើ​ឡើងវិញ ​កែលម្អ​បរិស្ថាន​នៅ​ទីនោះ ឱ្យ​ស័ក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕