សត្វ​ជា​ច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ ​ខណៈ​ប្រតិបត្តិការ​សម្អាត​សំណល់​ភ្នំភ្លើង​នៅ​ហ្វីលីពីន​បាន​ចាប់​ផ្ដើម​

335

ហ្វីលីពីន៖ ប្រតិបត្តិការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​ នៅ​តាម​តំបន់​នានា​នៃ​ខេត្ត​បា​តាន​ហ្កា​ស ​(Batangas) ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ចាប់ផ្ដើម ​បន្ទាប់ពី​ខេត្ត​នេះ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​កម្ទេច​ផេះ ​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​តា​ល់​(Taal)​។​ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នកស្រុក​ក៏បាន​ជួយ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ផង​ដែរ ដើម្បី​ជួយសង្គ្រោះ​សត្វ​ព្រៃ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង ប៉ុន្តែ​ការ​ខាត​បង់​នេះ​រាប់​បញ្ចូល​ទាំង​ត្រី​រាប់​ពាន់​ក្បាល ​ដែល​បាន​ងាប់​នៅ​តាម​មាត់បឹង​ដែល​នៅ​ព័ទ្ធជុំវិញ​កោះ​នេះ​។

រូបភាព​ពី​ទូរទស្សន៍​ ABS-CBN របស់​ហ្វីលីពីនបាន​បង្ហាញ​ពី​ការខូចខាត​យ៉ាង​ច្រើន ​ដល់​សហគមន៍​នានារស់​នៅ​តាម​មាត់បឹង​នោះ​។​ មន្ត្រី​ឆ្មាំ​ល្បាត​ឆ្នេរ​ហ្វីលីពីន​លោក Junior Layoza ​បាន​និយាយ​ថា ​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​យក​បសុសត្វ​របស់​ពួកគេ​វិលត្រឡប់​ទៅវិញ​ ទោះបី​មិន​ទាន់​មាន​សុវត្ថិភាព​ក៏ដោយ​។​ អ្នកក្រុង​តា​លី​សេ ​(Talisay) ក្នុង​ខេត្ត​បា​តាន​ហ្កា​ស ​បាន​តម្រង់​ជួរ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ទទួល​ជំនួយ​សង្គ្រោះ​ បន្ទាប់ពី​ភ្នំភ្លើង​មួយ​នៅ​ក្បែរ​រដ្ឋធានី​ហ្វីលីពីនបាន​ព្រួស​កម្អែ​ផេះ​ និង​រញ្ជួយ​ឥត​ឈប់​ឈរ​កាលពី​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ សុខ​មាន