សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ទីក្រុង​កង់​បេ​រ៉ា និង​បាន​ជម្រាប​ពី​ការ​រីក​ចម្រើន​របស់​ប្រទេសជាតិ ដល់​ពលរដ្ឋ​បាន​ដឹង​

116

អូស្ត្រាលី៖ ឆ្លៀត​ពី​ការចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៨ ក្នុងប្រទេស​អូស្ត្រាលី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួល​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ទីក្រុង​កង់​បេ​រ៉ា និង​រដ្ឋ​នៅក្បែរៗ​នោះ នា​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ នៅ​ស្ថានទូត​ខ្មែរ ក្នុង​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។​

ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​លើកឡើងថា ប្រជាពលរដ្ឋ និស្សិត​ដែល​បាន​មក​ស្វាគមន៍​សម្តេច បានបង្ហាញ​ក្តី​នឹករលឹក​ជ្រាលជ្រៅ​ចំពោះ សម្តេច​ប្រធានរដ្ឋសភា​។ ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរក្រហម និង​បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ​។​

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​សម្តែង​ការគាំទ្រ​និង​សប្បាយរីករាយ ចំពោះ​ការរីកចម្រើន សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន​សព្វថ្ងៃនេះ និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ ពលរដ្ឋ​នៅក្នុង​ប្រទេស​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ជា​អចិន្ត្រៃយ៍​ទៅ​។ ពួកគាត់​មិន​ចង់ឃើញ​ប្រទេសជាតិ​មាន​សង្គ្រាម​ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា និង​រត់​មក​រស់នៅ​ប្រទេស​គេ​ទៀត​នោះទេ​។

សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ​ខ្មែរ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី ដែល​បានទទួល​ស្វាគមន៍​សម្តេច តាំងពី​ពេលមកដល់​ព្រលានយន្តហោះ​មកម្លេះ​។ ជាមួយគ្នានេះ សម្តេច​បាន​អរគុណ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​រស់​ក្រៅប្រទេស ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​នេះ ដែល​ជា​និច្ចកាល​តែង​គាំទ្រ ទាំង​ផ្នែក ស្មារតី និង​សម្ភារៈ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស ក្នុង​ការ​រួមចំណែក កសាង និង​អភិវឌ្ឍ​ប្រទេស​តាំងពីដើម​រៀងមក​។

សម្តេច​បាន​ផ្ដាំផ្ញើ​ដល់​ឯកឧត្តម​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ​ទាំងអស់ ចេះ​ជួយ​យកអាសា​គ្នា​គ្រប់ពេលវេលា មាន​អធ្យាស្រ័យ​គ្នា និង​ថែរក្សា​ឲ្យ​បាន​ភាពថ្លៃថ្នូរ​ជា​ពលរដ្ឋ​ខ្មែរ​។

ជាមួយគ្នានេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាប​ពលរដ្ឋ​ខ្មែរ នៅ​នាយ​សមុទ្រ​ពី​ស​ភា​ពការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស ពិសេស​ការអភិវឌ្ឍរ​បស់​ប្រទេសជាតិ នាពេល​បច្ចុប្បន្ននេះ​។

នៅក្នុង​ឱកាស​នោះ សម្តេច​បាន​រំលឹក​ពី​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា និង​ចលនា​តស៊ូ​របស់​ឥស្សរជន​ស្នេហា​ជាតិ ដែល​រំដោះ​ប្រទេសជាតិ ចេញពី​របប​ខ្មែរក្រហម និង​ការតស៊ូ​កសាង​ជាតិ ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។

សម្តេច​បាន​បន្តថា ហែរ​ឆ្លង​ការលំបាក​ជាង​៤០​ឆ្នាំ​មកនេះ កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ បង្ហូរឈាម ពី​ការបែកបាក់​ជាតិ និង​បែកបាក់​ទឹកដី មកជា​ប្រជាជាតិ​មួយ ដែលមាន​សន្តិភាព ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី រហូតដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​គ្រប់​ច្រកល្ហក ប្រព័ន្ធ ធារាសាស្ត្រ​ខ្វាត់ខ្វែង នៅ​គ្រប់​តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ត្រូវបាន​កសាង និង​កែលំអ នៅ​គ្រប់​ភូមិ ឃុំ និគមជនបទ និង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវន្ត​ដទៃទៀត រាប់មិនអស់ ដែល​ក្នុងនោះ តំបន់​ភាគច្រើន​មិន​ធ្លាប់មាន​ការអភិវឌ្ឍ​ទាល់តែសោះ នៅក្នុង​របប​នយោបាយ​មុនៗ​៕​