អតិថិជន​អេស៊ីលីដា និង​វី​ង កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​និង​ទូទាត់​ប្រាក់​

99

ភ្នំពេញ៖ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ជាង​មុន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​ឯកទេស វី​ង ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​ចាប់​ដៃគូ​សហការគ្នា​ពង្រីក​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ស្រុក​ជាពិសេស​ទៅលើ​សេវាកម្ម​ផ្ទេរ និង​ទូទាត់​សាច់ប្រាក់​ជូន​អតិថិជន​ទាំងសងខាង​កាន់តែ​ទូលំទូលាយ​ជាង​មុន ចាប់​ពីពេលនេះ​តទៅ​។​

​​​កិច្ច​សហប្រតិបត្តិការ​សេវា​ផ្ទេរ​ប្រាក់ រវាង​ធនាគារ អេស៊ីលីដា ភី​អិល​ស៊ី និង​វី​ង បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី ១៥ មករា ឆ្នាំ​២០២០​កន្លងទៅ​ន នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា ដែល​ចុះហត្ថលេខា​ដោយ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ អេស៊ីលីដា និង​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង និង​មានការ​រចល​រួម​ធ្វើជា​សាក្សី​ពី​សំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ​ឯកទេស​វី​ង និង​គណៈ​គ្រប់គ្រង​នៃ​ធនាគារ​ទាំងពីរ​ជាច្រើន​ទៀត​។

​​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​នេះ នាំ​ឲ្យ​ធនាគារ​ទាំងពីរ មាន​បណ្តាញ​ប្រតិបត្តិការ​សម្បូរបែប​ចំនួន​ជាង ៤​ម៉ឺន ៣​ពាន់​កន្លែង គ្របដណ្តប់​ទូទាំងប្រទេស ធ្វើ​ឲ្យ​អតិថិជន​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស ដែល​ជំរុញ​ឲ្យ​សេវា​ផ្ទេរប្រាក់​កាន់តែ​ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។

​​ជាមួយគ្នានេះ លោក​អគ្គនាយក​ធនាគារ​ឯកទេស​វី​ង បាន​លើកឡើងថា អេស៊ីលីដា ជា​ប្រជា​ធនា​នាំមុខគេ​មួយ​នៅ​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ក្នុងប្រទេស តែងតែ​ចង់​សហការ​ជាមួយ​ធនាគារ​ធំ​បែបនេះ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

លោក​បន្តថា វី​ង មាន​ទស្សនទាន​និង​ចក្ខុវិស័យ ក៏ដូចជា​បេសកកម្ម​ស្រដៀង​គ្នាច្រើន​ជាមួយ អេស៊ីលីដា ហើយ​កិច្ច​សហការគ្នា​លើក​នេះ និង​ជួយ​ជំរុញ​ប្រជាពលរដ្ឋ ដែល​មិនចេះ​ប្រើប្រាស់​ធនាគារ ងាក​មក​ចាប់អារម្មណ៍​និង​ចេះ​ប្រើប្រាស់​កាន់តែ​ប្រសើរឡើង ដើម្បី​ចូលរួម​អភិវឌ្ឍ​ន័​សង្គម​កម្ពុជា តាមរយៈ​ការបង្រៀន និង​ណែនាំ​ពលរដ្ឋ ចេះ​ប្រើប្រាស់​ធនាគារ ដើម្បី​ផ្ទេរប្រាក់ សន្សំ​ប្រាក់ និង​ការធ្វើ​ឥណទាន​ខ្នាតតូច​។​

គិត​មកទល់​បច្ចុប្បន្ន​នេះ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដែល​ធំជាងគេ នៅ​កម្ពុជា ដែលមាន​អ្នក​ចុះឈ្មោះ​ប្រើ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ចំនួន​ជាង ១​លាន ២​សែន ជា​លក្ខណៈ​បុគ្គល និង​ជាង ៣​ម៉ឺន​ជា​លក្ខណៈ​ដៃគូ​៕​