ក្រសួង​សាធារណការ​សង្ឃឹម​ថា​នឹង​រក​ប្រាក់​ចំណូល​រដ្ឋ​បាន​ជាង​៥០​លាន​ដុល្លារ​ពី​ការ​លក់​ស្លាក​លេខ​ឆ្នាំ ២០២០​នេះ​

577

ភ្នំពេញ៖ ថ្មីៗ​បន្ទាប់ពី​ការ​ដាក់ឱ្យ​ប្រើប្រាស់​ប្រភេទ ស្លាក​លេខ​ពិសេស កាលពី​ថ្ងៃទី៧ ​ខែ​មករា​ឆ្នាំ ២០២០ កន្លង​ទៅនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹមថា នឹង​អាច​ប្រាក់ចំណូល​ចូល​រដ្ឋ​ពី​ការ​ធ្វើ​ស្លាក​លេខ​ប្រមាណ ៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០​នេះ​។​

ជុំវិញ​ការ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ស្លាក​លេខ​ពិសេស​ក្នុង​ឆ្នាំ ២០២០ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី ១៦ នេះ​ថា​ក្រសួង​មានការ​ជឿជាក់ថា ឆ្នាំ ២០២០ ក្រសួង​នឹង​អាច​រកប្រាក់​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ ៥០​លាន​ដុល្លារ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ២០២០​។​

ការលើកឡើង​បែបនេះ ដោយសារតែ ក្នុង​រយៈពេល​៩​ថ្ងៃ​កន្លងមកនេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី ៧​មករា ដល់​ថ្ងៃទី ១៥ មករា ក្រសួង​សាធារណការ​បានទទួល​ចំណូល​រហូតដល់​ជាង ៦​ពាន់​លាន​រៀល ពី​ការធ្វើ​ស្លាក​លេខ​ពិសេស​ចំនួន ២៦៨ ស្លាក​លេខ​។​

យ៉ាងណា​ម៉ិ​ញ​ជុំវិញ​ការដាក់ឱ្យ​ប្រើប្រាស់​នូវ ស្លាក​លេខ​ពិសេស​នេះ ក៏មាន​ការរិះគន់​មួយចំនួន​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​ជាការ​បែងចែក​វណ្ណៈ និង​មិន​លើកស្ទួយ​ភាសាជាតិ ដោយ​ប្រើប្រាស់​ភាសាបរទេស​ទៅវិញ​។​

ឆ្លើយតប​នឹង​ការរិះគន់​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា​វា​ពុំមែន​ជា ការបែងចែក​វណ្ណៈ រឺ​ការ​មិនឱ្យ​តម្លៃ​លើ​ខេមរភាសា​នោះទេ តែ​វា​ជាការ​ផ្ដល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ ហើយ​ការមិន​ប្រើប្រាស់​ភាសា អង់គ្លេស ជំនួស​ភាសា​ខ្មែរ ក៏​ក្រសួង​បាន​សិក្សា​យ៉ាង​ម៉ត់ចត់​ផងដែរ​។​

សម្រាប់​ស្លាក​លេខ​ពិសេស​នេះ មានតម្លៃ​ចន្លោះ​ពី ២​លាន​រៀល រហូតដល់ ១​ពាន់​លាន​រៀល​។​សូមបញ្ជាក់ថា ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ «​កម្ពុជា​» នៅ​ផ្នែក​ខាងលើ ដែលមាន​លេខ ឬ​អក្សរ​ឡាតាំង ចាប់ពី​១ ដល់ ៨​ខ្ទង់ មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែលមាន​បញ្ជាក់​ព័ត៌មាន​ស្ដីពី​រថយន្ត​នោះ​។ ស្លាក​លេខ​រថយន្ត​ពិសេស​នេះ អាច​ទិញ​បាន​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ការដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ដែលមាន​ជ​ម្រើ​រហូតដល់​ទៅ ៣.៥​ទ្រី​លាន​៕​