សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ អូ​បូ​ជី រម្លឹក​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង ជប៉ុន

199

ភ្នំពេញ៖ នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃទី​១៦​មករា​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​អនុញ្ញាតឱ្យ លោកជំទាវ OBOCHI Chizuko ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន (OBOCHI) ចូលជួប​សំដែង​ការគួរសម​ផងដែរ​ហើយ​ភាគី​ទាំងពីរ​ក៏បាន​រម្លឹក​ពី​ប្រវត្តិ​ល្អៗ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង ជប៉ុន សម័យ​ដែល​ឯកឧត្តម អូ​បូ​ជី ធ្វើជា​នាយករដ្ឋមន្ត្រី​ជប៉ុន​។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ៖​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកជំទាវ​និង​ប្រតិភូ ដែល​បាន​ជូនពរ​ឱ្យ​មាតា​ក្មេក នឹង​ត្រូវជា​មាតា​របស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បានជា​សះស្បើយ​ឆាប់ៗ​នៅពេល​ខាងមុខ។

ក្នុង​នេះដែរ​សម្ដេច ក៏បាន​លើកឡើង​ពី​អតីត​កាលដែល​នៅពេលនោះ ឯកឧត្តម​អូ​បូ​ជី បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ក្នុង​ទស្សនកិច្ច​នោះ មានតែ ឯកឧត្តម​អូ​បូ​ជី​និង​លោកជំទាវ​ទេ ដែលជា​ជនជាតិ​បរទេស ដែល​បានធ្វើ​ទស្សនកិច្ច ទៅ​មើល​សកម្មភាព​ដោះមីន​និង អង្គការ​ស៊ីម៉ាក់ ហើយ​មានតែ​ឯកឧត្តម អូ​បូ​ជី ទេ ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​បញ្ហា​ដោះមីន​នេះ ។ ពី​នោះ​ទៅទៀត សម្ដេច​តេ​ជោ​ក៏បាន​រំឭក​អំពី​អតីតកាល​ផងដែរ នោះ​គឺ​ឯកឧត្តម​អូ​បូ​ជី ,​រដ្ឋាភិបាល​ជប៉ុន​និង ប្រជាជន​ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​កម្ពុជា ។​

​​លោកជំទាវ OBOCHI Chizuko បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​៖ លោកជំទាវ ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ខួប​២០​ឆ្នាំ បន្ទាប់ពី​លោកជំទាវ និង​ស្វាមី​របស់លោក​ជំទាវ​បានមក​កាន់​កម្ពុជា​កាល​ពី​២០​ឆ្នាំមុន​។

លោកជំទាវ​បាន​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បានអនុញ្ញាត​ឲ្យ​លោកជំទាវ​និង​ប្រតិភូ​បាន​ចូលជួប​សំដែង​ការគួរសម​ផង ហើយ​ក៏បាន​ថ្លែងអំណរគុណ ជូន​សម្ដេច​តេ​ជោ​ផងដែរ ដែល​តំណាងឱ្យ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស​ជូន​លោកជំទាវ​។ លោកជំទាវ​បាន​មានប្រសាសន៍ថា លោកជំទាវ​មានការ​ចងចាំ​យ៉ាង​រស់​រវើក អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​ទៅកាន់​CMAC កាលពី ២០​ឆ្នាំមុន ជាមួយនឹង​ស្វាមី​របស់លោក​ជំទាវ ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ក៏បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ស៊ីម៉ាក់​ផងដែរ​។ ក្នុង ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ផង ដំណើរ​ទស្សនកិច្ច​ទៅ​ស៊ីម៉ាក់​ផង លោកជំទាវ​បានកត់សម្គាល់​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ន​នូវ​សុខ សន្តិភាព​ពិតប្រាកដ ហើយ​ជាងនេះទៀត ប្រជាជន​កម្ពុជា​មានទឹក​មុខស្រស់​ស្រាយ​និង​រស់​រវើក​។

​​​លោកជំទាវ ​បាន​មានប្រសាសន៍ថា​៖ នេះ​គឺជា​ជោគជ័យ​ដ៏​ពិតប្រាកដ និង ដ៏​ធំធេង​របស់​កម្ពុជា​។ ក្នុង​ន័យនេះ លោកជំទាវ​និង​ប្រតិភូ​បាន​ជូនពរ​អោយ​ចំណងមិត្តភាព រវាង​កម្ពុជា​និង​ជប៉ុន​កាន់តែ​ស្អិតរ​មួ​ត​រឹងមាំ​ថែមទៀត​។ លោកជំទាវ OBOCHI Chizuko ក៏បាន​គោរព​ជូនពរ​សម្ដេច​តេ​ជោ​ផងដែរ សូមឱ្យ​បារមី​ដ៏​សាក​សិទ្ធ ជួយ​ដល់​មាតា​ក្មេក​របស់​សម្ដេច​តេ​ជោ ក៏ដូចជា​មាតា បង្កើត របស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​នាពេលខាងមុខ​នេះ​៕