កូនដំរី ០១ក្បាល បានងាប់នៅក្នុងទឹកអូរលាវ

1778

រតនគិរី ៖ នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ០៣នាក់ ក្រោយពីទទួលដំណឹងពីប្រជានេសាទ បានឱ្យដឹងអំពី ការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយ មិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។

តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង10ថ្ងៃមុន មានដំរីប្រមាណពី 20 ទៅ30ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏លឺថាមានកូនដំរីស្លាប់។

ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារ នឹងអូសដំរី មកកប់នៅដីក្បែរមាត់អូរសិន ដេីម្បីទុកឱ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ៕