បឹងកេត​ទម្លាក់​ក្រុម​លីគ​ទី​២ ម៉ាឡេ​ស៊ី ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​មិត្តភាព​នៅ​ឥណ្ឌូនេស៊ី​

2302

បាល់ទាត់៖ ក្រុម​បឹងកេត​របស់​កម្ពុជា​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​មិត្តភាព​អន្តរជាតិ EDY RAHMAYADI CUP 2020 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​លី​គ​ទី​២ ម៉ាឡេស៊ី FA Penang ដោយ​លទ្ធ​ផល ៣២ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ ម្សិលមិញ​នៅ​កីឡដ្ឋាន Telanadan Stadium

សម្រាប់​គ្រាប់​បាល់​ជ័យជម្នះ ៣​គ្រាប់​ដែល​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ Mizuno នៅ​នាទី​ទី​៣, កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៩​ និង​គ្រាប់​ជ័យជម្នះ​រក​បាន​ដោយ​កីឡាករ​ជប៉ុន Masato នៅ​នាទី​៦៤។ ចំណែក​ក្រុម FA Penang ក្រោយ​រក​បាន ២​គ្រាប់ នៅ​វគ្គ​ទី​១ ​ពួកគេ​មិន​អាច​បំប៉ោង​ទម្លាយ​របាំង​ការពារ​បឹង​កេត​ បាន​ឡើយ​នៅ​វគ្គ​ទី​២។​ ជាមួយ​ជ័យជម្នះ​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​បឹងកេតមានឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​តែ​ត្រូវ​ជួប​ក្រុម​សមាជិក​លី​គ​កំពូល​ម៉ាឡេស៊ី Felda United វិញ​ម្ដង​បន្ទាប់ពី​ក្រុម​ឈរ​លេខ​១០ ឆ្នាំ​ចាស់​នេះ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី PSMS Medan ដោយ​លទ្ធផល ២១ កាលពី​យប់មិញ។

ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បឹងកេត និង Felda United នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​១៩ ខែ​មករា​ឆ្នាំ​២០១៩ ចុង​សប្ដាហ៍​នេះ។​ គួរ​បញ្ជាក់​ថា ​តាមរយៈ​ការចូលរួម​ប្រកួត​ពាន​មិត្តភាព​លក្ខណៈ Pre-Season នេះ ត្រូវ​បាន​លោក បែ​មករា អគ្គលេខាធិការ​ក្លឹប​បឹងកេត​ធ្លាប់​បាន​បញ្ជាក់​ថា វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឲ្យ​កីឡាករ​ថ្មីៗ ពិសេស​កីឡាករ​ក្មេងៗ​បញ្ចេញ​សមត្ថភាព ពិសេស​ការរៀបចំ​ និង​ពង្រឹង​ក្រុម​កាន់តែ​ល្អ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី នៃ​លី​គ​កំពូល​កម្ពុជា​ដែល​នឹង​មកដល់​នា​ពាក់កណ្ដាល​ខែ​កុម្ភៈ​ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា