សម្ពោធ​មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​ ​គុណភាព​ឧបករណ៍ និង​ពន្លត់​អគ្គិភ័យ​ ​និង​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ​

124

ភ្នំពេញ៖ មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​ ​គុណភាព​ឧបករណ៍​ ​សម្ភារៈ​ ​បរិក្ខារ បង្ការ និង​ពន្លត់​អគ្គិភ័យ​ ​និង​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែមករា នេះ ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

លោក​ឧកញ៉ា វ៉ាង គិត​ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេ​ម​បូ​ឌា ហ្វែ​រ​វីន អ៊ី​ន​ធើ​ប្រ៉ា​យ ខម​ភេ​នី លី​មី​ធី​ត មានប្រសាសន៍ថា​ ​មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​គុណភាព​ឧ​បករ​ណ៏ សម្ភារៈ បរិក្ខារ បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ បាន​តំឡើង​មន្ទីរ​ពិសោធ​ជា​លើកដំបូង មាន​សមត្ថភាព​ធ្វើការ​ពិសោធន៍​រាល់​ផលិតផល​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​ ​លើកឡើងថា​ ​បច្ចុប្បន្ននេះ​ផលិតផល​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​ភាគច្រើន​ ​គឺ​ពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​បរទេស​ដែលជា​ឱកាស មួយ​សម្រាប់​អ្នក​នាំចូល​មួយចំនួន​ ​យក​ផលិតផល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ដែល​គ្មាន​គុណភាព ប្រសិទ្ធិភាព កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ទៅ​ផ្សារ​ ​ដែលនាំអោយ​មាន​គ្រោះថ្នាក់​ ​ដោយសារ​អគ្គិភ័យ​ធ្វើអោយប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម និង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​ផលិតផល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​។

លោក​ឧកញ៉ា ជឿជាក់ថា​នឹង​សហការ​ផ្ទាល់​ជាមួយ​អង្គភាព​ណ​គ​របាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​និង​ស​ង្ក្រោះ​ក្នុងការ​ត្រួតពិនិត្យ​ការផលិត ការនាំ​ចូល ការចែក​ចាយ​ផលិតផល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​អោយ​ស្របតាម​ស្តង់ដារ​ជាតិ​ដែល​ជួយ​រៀបចំ​ជា​សៀវភៅ​ស្តង់ដារ​ជាតិ​ស្តីពី​បទដ្ឋាន​គុណភាព ផលិតផល​បង្ការ និង​ពន្លត់​អគ្គិភ័យ​។ តាម​ជំហាន​នាពេល​អនាគត​មន្ទីរពិសោធន៍​នឹង​បន្ត​ពង្រីក បង្កើន​សមត្ថភាព​ក្នុងការ​ត្រួតពិនិត្យ​លើ​រាល់​ឧបករណ៍ សម្ភារៈ បរិក្ខារ​សំណង់​អគារ​ធន់​នឹង​ភ្លើង​អោយបាន​ត្រឹមត្រូវ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ មានប្រសាសន៍​កោតសរសើ​រ​វាយតម្លៃ​ខ្ពស់​និង​ផ្តល់នូវ​ការលើកទឹកចិត្ត​ចំពោះ​ការសំរេច​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល​និង​វិទ្យាស្ថាន​ខាងលើ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា ហ្វែ​រ​វីន អ៊ី​ន​ធើ​ប្រ៉ា​យ ខម​ភេ​នី លី​មី​ធី​ត ដែល​ការខិតខំ​ប្រឹងប្រែង​នេះ​ពិតជា​បានរួម​ចំណែក​ជួយ​ពង្រឹង​ការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្របពេល​ដែល​យើង​កំពុងតែ​ប្រឈម​ជាមួយ​កង្វះខាត​បច្ចេកទេស​ក្នុងការ​ត្រួតពិនិត្យ​លើ​ឧបករណ៍ បរិក្ខារ​ដែល​នាំចូល​ពី​បរទេស​ហើយ​កំពុងតែ​ចរាចរណ៍​ដាក់លក់​ទូទាំងប្រទេស​។​

សូមបញ្ជាក់ថា​ ​មជ្ឈមណ្ឌល​ជាតិ​ ​និង​វិទ្យាស្ថាន​ជាតិ​នេះ​ ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​ ​និង​មាន​ក្រុមហ៊ុន ខេ​ម​បូ​ឌា ហ្វែ​រ​វីន អ៊ី​ន​ធើ​ប្រ៉ា​យ ខម​ភេ​នី លី​មី​ធី​ត ជា​ប្រតិបត្តិ​ករ​ ៕​