សម្តេច​តេ​ជោ ហ៊ុន សែន ស្វាគមន៍​កិច្ចពិភាក្សា រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជាសិង្ហបុរី

265

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​សឹង្ហ​បុរី និង​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ទាំងពីរ​បន្ត​សហការ​ផ្លាស់​ប្តូរ​ចែករម្លែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។​

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​កងទ័ព​ទាំងពីរ​ប្រទេស​បន្ត​សហការគ្នា​ទាំង​ការហ្វឹកហាត់​ក៏ដូចជា​ចែករម្លែក​បទពិសោធន៍​ពី​គ្នា​បែបនេះ​ក្នុងពេល​អនុញ្ញាតអោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គោ ស៊ី​ហ៊ូ (Goh Si Hou) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ចូល​ជួប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២១​មករា​នេះ​។​

​​​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​នៅក្នុង​ជំនួប​នេះ​សម្ដេច មានប្រសាសន៍ថា ពិភពលោក​បច្ចុប្បន្ន ​គឺ​កំពុង​មាន​ការរត់​ប្រណាំង​សព្វាវុធ ដូច្នេះ​កិច្ចសហការ​គ្នា​រវាង​ក​ង​ទ័ព​ទាំង​ការ​ចែករម្លែក​បទពិសោធន៍ ក៏ដូចជា​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​គឺជា​កិច្ច​ការសំខាន់​។

​​សម្ដេច​តេ​ជោ ​ក៏បាន​ជម្រាប​ជូន​ឯកឧត្តម​Goh អំពី​នយោបាយ​របស់​កម្ពុជា​គឺ​ប្រជាជន​ជា​ខឿន​ការពារជាតិ​កម្ពុជា​។​ សម្តេច​ថា ​កងទ័ព​មាន​តួនាទី​សំខាន់​ក្នុងការ​ការពារជាតិ ក៏ប៉ុន្តែ​ក្រៅពីនេះ​កងទ័ព​កម្ពុជា​ក៏មាន​តួនាទី​ចូលរួម​ក្នុង​ការជួយ​បង្កបង្កើនផល ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅពេល​ដែល​មាន​គ្រោះ​អន្តរាយ​និង​ចូលរួម​ការថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​​​សម្ដេច​ក៏បាន​មានប្រសាសន៍​ទៀត​ថា​ សម្ដេច​ពុំ​មានការ​ជឿជាក់ថា​ការប្រើ​កម្លាំង​អាច​ដោះស្រាយ​បញ្ហា​បាន​នៅ​ទេ​។​ផ្ទុយទៅវិញ​ការចរចា​,​កិច្ច​សហប្រតិបត្តិការ​ និង​ការអភិវឌ្ឍ​នៅទេ​ដែល​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​បាន​។​

ក្នុង​ន័យនេះ សម្ដេច​បាន​មានប្រសាសន៍ថា​៖​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​ព្រំប្រទល់​កម្ពុជា​ជាមួយនឹង ប្រទេសជិតខាង​ឱ្យក្លាយ​ជា​ព្រំប្រទល់​សន្តិភាព​,​មិត្តភាព​,​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​។​ពី​នោះ​ទៅទៀត​គឺ​ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់​ទីផ្សារ​និង​ការអភិវឌ្ឍន៍​។​

នៅក្នុង​ជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ទោ Goh Si Hou បាន​ជម្រាបជូន​សម្ដេច​ថា​៖ ឯកឧត្តម​ធ្លាប់បាន​មកកាន់​កម្ពុជា​ហើយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅពេលនេះ ឯកឧត្តម​មាន​ចំណាប់អារម្មណ៍​ថា កម្ពុ​ជាមាន​សុខសន្តិភាព​ហើយ​មានការ​អភិវឌ្ឍន៍​។​ការអភិវឌ្ឍន៍​នោះ​ទៀតសោត​គឺជា​ការអភិវឌ្ឍន៍​មាន​រយៈពេល​២០​ឆ្នាំ​ដែលជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

ឯកឧត្តម​មានប្រសាសន៍​ថា​៖​សន្តិភាព​ដែល​ទទួលបាន​មកនេះ គឺ​បាន​ដោយ​ពិបាក ហើយ​សន្តិភាព​នេះ គឺ​ស្ថិតនៅ​ជា​កត្តា​ដ៏​សំខាន់​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​ថែមទៀត​។​

​ ​ឯកឧត្តម​បានបង្ហាញ​ពី​កិត្តិយស​សប្បាយរីករាយ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ផងដែរ ដើម្បី​ពង្រីក និង ពង្រឹង កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​ក​ង​ទ័ព​ទាំងពីរ​។​

​ ​ឯកឧត្តម​មានប្រសាសន៍​ទៀតថា​៖ ឯកឧត្តម​រួមជាមួយ​នឹង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ផលប្រយោជន៍​ប្រទេស​នីមួយៗ​នៅក្នុង​អាស៊ាន​ផងដែរ​។

ឯកឧត្តម ​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​៖​កងទ័ព​ទាំងពីរ​កន្លងមក​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ ហើយ​ឯកឧត្តម​និង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​បន្ត​នូវ​ទំនៀមទម្លាប់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ជា​បន្តទៀត​៕