ការ​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ទំហំ​ទឹកប្រាក់ ​២,៦៨៨ លាន​ដុល្លារ

234

ភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បង្ហាញ​ឲ្យ​ដឹងថា ​គិត​ត្រឹម​ ឆ្នាំ២០១៩ ​កន្លងមកនេះ ​នាំចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២,៦៨៨ ​លាន​ដុល្លារ​អាមេរិក ​ បាន​កំណើន​ប្រមាណ​ជា ​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បាន​បង្ហាញ​ឲ្យ​ដឹង ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ពិនិត្យមើល​ស្ថានភាព​វិនិយោគ​ និង​ពាណិជ្ជកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែ មករា ឆ្នាំ​២០២០ នេះ​ថា គិត​ត្រឹម​ឆ្នាំ​២០១៩​ តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន ៥៤ តំបន់ ក្នុងនោះ​តំបន់​មាន​អនុក្រឹត្យ មាន​ចំនួន ៣៥ តំបន់ ដែល​មាន​រដ្ឋបាល​តំបន់​បំពេញការងារ​ជា​អចិន្ត្រៃយ៍​សរុប ១៨ តំបន់ ​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៤៦៥ ក្រុមហ៊ុន ​និង​មាន​កម្មករ​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ បាន​កំពុង​បម្រើ​ការងារ​នៅក្នុង​នោះ ។

ពាក់ព័ន្ធ​ការនាំចេញ​នេះដែរ ក្នុង​ឆ្នាំ ២០១៩ កន្លងមកនេះ ​ការ​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​ទំហំ​ទឹកប្រាក់ ២,៦៨៨ លាន​ដុល្លារ​អាមេរិក ​បាន​មាន​កំណើន​ប្រមាណ​ជា ២៧% ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​ដែលមាន​ទីតាំង​ក្នុង​ខណ្ឌ​កំបូល​, រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ជា ៣៥៣​ហិច​តា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ​១២១ ក្រុមហ៊ុន និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២​ម៉ឺន​នាក់ ។ ចំពោះ​ការ​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​វិញ គិត​ត្រឹម​ឆ្នាំ ២០១៩ ការនាំចេញ​មាន​ទំហំ ​៥១៨ លាន​ដុល្លារ​អាមេរិក ​ក្នុងនោះ​ មាន​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​រួមមាន THAILAND, VIETNAM, CHINA, JAPAN, BELGIUM, HONG KONG, MALAYSIA, SINGAPORE, UNITED STATES, PHILIPPINES ជាដើម​។

សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ ​ឧបនាយករដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​ការ​បំពេញ​ការងារ​រប​ស់​មន្ត្រីរដ្ឋបាល​តំបន់ ​ដែលជា​ច្រក​-​ចេញចូល​តែមួយ​ ដែលជា​យន្តការ​សម្រាប់​សម្រួល​ក្នុង​ផ្តល់​សេវា​សាធារណៈ​នានា​ ជូន​អ្នកវិនិយោគ​រួមមាន​ ការចុះបញ្ជី​ក្រុមហ៊ុន​, ការ​ផ្តល់​ការលើកទឹកចិត្ត​, សម្រួល​នីតិវិធី​នាំចេញ​-​នាំចូល​, ការផ្តល់​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ និង​នីតិ​វិធី​ផ្សេងៗ​ទាក់ទង​នឹង​ការគ្រប់គ្រង​កម្មករ​។ ក្រៅពីនេះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ ​និង​ប្រតិភូ​បាន​ចុះ​ពិនិត្យ​ការអនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជូន​អ្នកវិនិយោគ ​របស់​អង្គភាព​ចំណុះ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​ព្រមទាំង​ពិនិត្យ​ការសាងសង់​រោងចក្រ Marvel Garment និង​ពិនិត្យ​ស្ថានភាព​ផលិតកម្ម និង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ច្នៃ​ពេ​ជ្យ Laurelton Diamond (Cambodia), ក្រុមហ៊ុន​ផលិត​ទឹកដោះគោ Angkor Dairy Products និង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច Minebea (Cambodia)