សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើសារ​អោយ​ជន​រួមជាតិ​ចូល​រួម​ទប់​ស្កាត់​ជំងឺ​ផ្លូវ​ដង្ហើម​កូរ៉ូណា (Corona)

319

ភ្នំពេញ​៖ តាម​រយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ​ ហ៊ុន ​សែន​ នាយករ​ដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​បាន​សរសេរ​ថា ​ទន្ទឹម​នឹង​បង​ប្អូន​ជន​រួម​ជាតិ​កំពុង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ​សូម​បងប្អូន​ចូល​រួម​ទប់​ស្កាត់​ជំងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ថ្មី​ដែល​មា​ន​ឈ្មោះ​ថា​ កូរ៉ូណា (Corona) ដែល​កំពុង​រាត​ត្បាត​នៅ​ប្រទេស​ចិន​ ហើយ​ពេល​នេះ​បាន​មក​ដល់​ប្រទេសមួ​យចំ​នួន​ដូចជា ​អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី។

សម្តេច​បាន​បន្ត​ថា​ អាការៈ​រោគ​គឺ​មាន​ ផ្តាសាយ ហៀរ​សំបោរ ​ក្អក​ ឈឺក្បាល ក្តៅ​ខ្លួន​ខុស​ប្លែក​ខុស​ពី​ធម្មតា​។ បង​ប្អូន​អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ ​និង​លាង​ដៃ​សម្អាត​ជាមួ​យ​សាប៊ូ ​ឬអាល់​កុល​សម្លាប់​មេរោគ​អោយ​បាន​ញឹកញាប់។​ កុំ​នៅ​ក្បែរ​អ្នក​ដែល​មាន​អាការៈ​រោគ​ខាង​លើ ​និង​កុំ​នៅ​ជិត​សត្វ​ពាហានៈ ​ឬ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​។ ត្រូវ​ញាំ​ម្ហូប​អាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់​ពេល​វេលា​។

មក​ទល់​ពេល​នេះ ​វីរុស Corona មិនទាន់​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា​ទេ​។ ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បំពាក់​ម៉ាស៊ីន​ស្គែន​ (Scan) រក​មេ​រោគ​ ប្រចាំ​ការ ​២៤​ម៉ោង​ ដើម្បី​ស្កែន​គ្រប់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​ចូល​មក​កម្ពុជា​។

សូមប​ង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ជា​ពិសេស​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​មេរោគ​កូរ៉ូណា​ឆ្លង ​។ ប្រសិន​បើ​បង​ប្អូន​សង្ស័យ​ថា​មាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ នេះ ​សូម​ទាក់​ទង​មក​គ្រូពេ​ទ្យដែ​ល​នៅ​ជិត​កន្លែង​ជា​បន្ទាន់ ​ឬ​មក​កាន់​មន្ទីរ​ពេទ្យ ​ឬទូ​រស័ព្ទ​មក​លេខ​ 115 ជា​បន្ទាន់​។

ទន្ទឹម​នឹង​នេះ​ សូម​ក្រសួង​ មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អោយ​បាន​ខ្ពស់ ​ហើយ​លេខ​ទូរស័ព្ទ​ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​ជា​សាធារណៈ​ត្រូវ​មាន​អ្នក​ប្រចាំ​ការ​ទទួល​ពេល​ខល​ចូល​៕