នាយករដ្ឋមន្ត្រី​ថៃ​ថ្លែង​ថា រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ស្ថាន​ភាព​វីរុស​ថ្មី​នេះ​បាន​

202

ថៃ៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​តាម​ទូរទស្សន៍​ ដើម្បី​ព្យាយាម​ធានា​ជាថ្មី​ដល់​ពលរដ្ឋ​ថា ​រដ្ឋាភិបាល​របស់​លោក​កំពុង​ចាត់វិធានការ​គ្រប់​លទ្ធភាព ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស​ដ៏​សាហាវ​មួយ​ នៅ​ក្នុង​ប្រទេស​ចិន​។

លោកនាយក​រដ្ឋមន្ត្រី Prayuth Chan-ocha បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ស្រប​ពេល​ដែល​ការ​ព្រួយ​បារម្ភ​របស់​សាធារណជន​បាន​កើន​ឡើង ​បន្ទាប់ពី​មាន​ករណី​ចំនួន​៨ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​នេះ​។ ចំនួន ៧​នាក់​ក្នុងចំណោម​ពួកគេ​ជា​ភ្ញៀវ​មកពី​ប្រទេស​ចិន​ និង​ថៃ​ម្នាក់​។​ លោក​បាន​និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ​ក្រុម​អាជ្ញាធរ​ “អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ១០០% ប៉ុន្តែ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ​”។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ​វិធានការ​របស់​រដ្ឋាភិបាល​របស់​លោក ​ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​រាលដាល​វីរុស​នេះ​គឺ​ “ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​”។​ លោក​ Prayuth ​បាន​ថ្លែង​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក ​ប្រឈម​នឹង​ការរិះគន់​ចំពោះ​អ្វី​ដែល​អ្នកខ្លះ​បាន​មើល​ឃើញ​ថា ​ជា​ការ​ឆ្លើយតប​មិន​ច្បាស់​ចំពោះ​ការ​ឃ្លាំ​មើល​អ្នកដំណើរ​ ដែល​មកពី​ប្រទេស​ចិន​មកដល់​ប្រទេស​ថៃ​។

ក្នុង​ចំណោម​អ្នកជំងឺ ៨​នាក់​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ខណៈ​ជន​ជាតិ​ចិន ៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​។ ៤៨​នាក់​ទៀត​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​។​ អាជ្ញាធរ​សុខាភិ​បាល​ចិន​បាន​និយាយ​ថា ​វីរុស​ឆ្លង​ថ្មី​កូ​រ៉ូ​ណា​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ចំនួន ២.៧៤៤នាក់​ ហើយ​បាន​សម្លាប់​មនុស្ស ៨០​នាក់​កាលពី​ពាក់កណ្ដាល​អាធ្រាត្រ​ថ្ងៃអាទិត្យ​៕

អត្ថបទ៖ សុខ​មាន