កម្ពុជា-​គុ​បា​ ​សន្យាថា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីរ​​បន្ថែមទៀត​​

92

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ​ណា​ចក្រ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ទូត​គុ​បា​ថ្មី​ ដែលថា​ ​នឹង​ខិតខំ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​​រីកចម្រើន​ឡើង​ថែមទៀត​។

សម្តេច​តេ​ជោ ​បាន​​​សំដែង​ការ​ស្វាគមន៍​ទូត​ថ្មី​គុ​បា​ បែបនេះ ​ក្នុង​ពេល​អនុញ្ញាត​ឱ្យ​លោកជំទាវ Liurka Rodriguez Barrios​ ឯកអគ្គរដ្ឋទូត​គុ​បា​ថ្មី​ ចូលជួប​សំដែង​ការគួរ​សម​ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២៨​ មករា​ នេះ​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ឯកអគ្គរដ្ឋទូត​ថ្មី​គុ​បា ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ លោកជំទាវ​គឺ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ ​សមត្ថភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ថ្លែងអំណរគុណ​ដោយមាន​ប្រសាសន៍ថា ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​នឹង​គុបា ​គឺជា​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជា​មិត្តភាព​ដ៏​ជិតស្និទ្ធ​ហើយ​ជា​ទំនាក់ទំនង​មួយ​ដែល​មាន​អាយុកាល​៦០​ឆ្នាំ​ មកហើយ បើ​គិត​មកដល់​ឆ្នាំនេះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ដោយ​យល់ស្រប​ជាមួយ​នឹង​ការវាយតម្លៃ​របស់​លោក​ជំទាវ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ​ហើយក៏​យល់ស្រប​ជាមួយ​នឹង​លោកជំទាវ​ផងដែរ​ដែលថា ​នឹង​ខិតខំ​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​ដែល មាន​ស្រាប់ ​ហើយ​សម្ដេច​ក៏​បានផ្ដល់​អនុសាសន៍​សូម​ធ្វើយ៉ាងណា​ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះហត្ថលេខា​រួចមកហើយៗ​ ជំរុញ​ការអនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ទាំងនោះ​នឹង​ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​ ដែល​ប្រទេស​ទាំងពីរ​អាច​សហការ​ជាមួយគ្នា​បាន​៕