ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់ មាន​ទឹកប្រាក់​កើន​ឡើង​ជាង ៩​ពាន់​លាន​ដុល្លារ​

163

ភ្នំពេញ ៖ ​ទំហំ​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ នៅ​ទូទាំងប្រទេស ​មានតម្លៃ​ទឹកប្រាក់​កើន​ឡើង​សរុប​ប្រមាណ​ជាង ​៩ លាន​ដុល្លារ​អាមេរិក លើ​គម្រោង​វិនិយោគ​ថ្មី​ប្រមាណ​ជាង ​៤ ពាន់​គម្រោង ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង ១៨ លាន​ម៉ែត្រ​ការ៉េ ។

នាយកដ្ឋាន​ស្ថិតិ និង​វិភាគ​សេដ្ឋកិច្ច នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានបង្ហាញ​ឲ្យ​ដឹងថា​ ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ​គិត​មកដល់​ត្រឹម ខែ វិច្ឆិកា ឆ្នាំ​២០១៩ ​កន្លងមកនេះ ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ បាន​អនុញ្ញាត​លើ​សំណើសុំ​សាងសង់​សរុប​ទូទាំង​ប្រទេស មាន​ជាច្រើន​គម្រោង​, ក្នុង​នោះ​សម្រាប់​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ​មាន​ចំនួន​ប្រមាណ ៥៣៤ គម្រោង ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង ២ លាន​ម៉ែត្រក្រឡា ក្នុង​ទំហំ​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក ។

ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​នេះដែរ ​បើ​គិត​រយៈពេល ១១ ខែ ឆ្នាំ ២០១៩ គម្រោង​សាងសង់​ថ្មី​មាន​ចំនួន​ប្រមាណ ៤.៦៣១ គម្រោង​ ក្នុងនោះ ​មានតម្លៃ​នៃ​ទំហំ​វិនិយោគ ​នៅលើ​វិស័យនេះ​សរុប ៩.៣៣៤ ​លាន​ដុល្លារ​អាមេរិក ដោយ​វិនិយោគ​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង ១៨,៧ លាន​ម៉ែត្រ ​ការ៉េ ។

សូម​​បញ្ជាក់​ថា ពាន់​ព័ន្ធ​នឹង​វិស័យ​សំណង់​ បើតាម​សេចក្តីព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២០ ​បើតាម​និន្នាការ​ក្នុង​ពេល​ថ្មីៗ​ អនុវិស័យ​សំណង់​អាច​ប្រឈម​នឹង​តម្លៃ​ទីផ្សារ ដែល​នឹង​អាចធ្វើ​ឲ្យ​កំណើន​នៃ​វិស័យនេះ​មានការ​ថមថយ​ខ្លះៗ ៕