កសិករ​នៅ​ឧត្ដរមានជ័យ​រកចំណូល​ បាន​ជាង​៣​ម៉ឺន​ដុល្លារ ​ពី​ដំណាំ​ស្វាយ​

157

ឧត្ដរមានជ័យ​ ៖ ​លោក អឹម ចែម នឹង​ភរិយា ជា​ប្រជាកសិករ​រស់នៅ​ចំណុច​ភូមិ​អូរ​ពក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ លើកឡើងថា ​គ្រួសារ​​របស់​គាត់​ប្រកបមុខរបរ​ដាំ​ស្វាយកែវ​រមៀត​ ​អស់​រយៈពេល​ជាង២០​ឆ្នាំ ​មកហើយ​ព្រោះ​លោក​គិតថា ​ដំណាំ​នេះ​ អាចធ្វើ​ឲ្យ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​របស់លោក​មាន​ភាព​ធូរធារ​រីក​ចំរើន​បាន​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​។

លោក បាន​បន្តថា កន្លងមក​រូបលោក​ដាំ​ស្វាយកែវ​រមៀត​នេះ​មាន​ផ្ទៃដី​ជា​មធ្យម​ត្រឹម​៤​ ទៅ​៥​ ហិកតា​តែ​ប៉ុណ្តោះ​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​លោក​ បាន​ទទួល​ផល​រាល់ថ្ងៃ​បេះ​ជាប្រចាំ​ទើប​លោក​សំរេច​ចិត្ត​ពង្រីក​ការ​ដាំដុះ​ស្វាយកែវ​រមៀត​នេះ​រហូត​បាន​ដល់​ទៅ​២០ ​ហិកតា​បន្ថែមទៀត​។

លោក​ បាន​ឱ្យដឹងទៀតថា ​ដំណាំ​ស្វាយកែវ​រមៀត គឺ​ត្រូវការ​មើល​ថែទាំ​ឲ្យ​បាន​ដិតដល់​នៅ​ជំ​ហ៊ាន​ដំបូង​ហើយ​រយះ​ការដាំដុះ​នេះ​គឺ​មាន​រយះពេល​ដល់​ទៅ​៣​ឆ្នាំ ​ទើប​អាច​ទទួល​ផល​ជា​ផ្លែផ្កា​បាន​បេះ ដោយ​ក្នុង​មួយថ្ងៃៗ ​លោក​ប្រមូល​ផល​បាន​ចំនួន​ត្រឹមតែ​១​តោន​កន្លះ​ តែ​ប៉ុណ្ណោះ ​ដោយសារ​លោក​មាន​កម្លាំង​ពលកម្ម​តិច​តូច​។​ រីឯ​តម្លៃ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ​ គឺមាន​ឈ្មួញ​ថៃ​ ចាំ​ទទួល​ទិញ​ដល់​កន្លែង​មិនចាំ​បាច់​យក​ទៅលក់​ដល់​ទី​ផ្សារ​នោះទេ ​ដោយ​ក្នុង​១​គីឡូ​អាច​លក់​បាន​ចន្លោះ​ពី​៨​ទៅ​១០​បាត​ប្រាក់​ថៃ​។

លោក​ បន្ថែមថា ក្នុង​១​ថ្ងៃ​បេះ​បាន​១​តោន​កន្លះ​នេះ​បើ​គិត​ជា​ប្រាក់​វិញ​លោក​អាច​រក​ចំណូលបាន​ទៅដល់​១​ម៉ឺន​បាត​ជាង​ គឺ​ស្មើនឹង​១​លាន​រៀល​ជាង​ក្នុង​មួយថ្ងៃៗ​។ បើ​គិត​ក្នុង​មួយ​រដូវៗ ​កាលដែល​មាន​៣​ខែ​វិញ​ គឺ​លោក​អាច​រក​ចំណូលបាន​ចំនួន​៣​ម៉ឺន​ដុល្លារ ​អាមេរិក​ជាង​ឯណោះ ​ដោយ​លោក​ប្រមូល​ផល​ជា​បន្តបន្ទាប់​។

លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​នឹង​នេសាទ​ បានឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ដំណាំ​ស្វាយកែវ​រមៀត​របស់​ប្រជាកសិករ​កំពុង​តែ​មាន​តម្លៃ​ហក់​ឡើង​ ព្រោះ​ស្វាយកែវ​រមៀត​កំពុង​មាន​ទីផ្សារ​ទាំង​ក្នុងស្រុក​នឹង​ក្រៅ​ស្រុក​ កត្តា​ទាំងអស់​នេះហើយ​ ដែល​ធ្វើ​ឲ្យ​កសិករ​មាន​ជីវភាព​រីក​ចំរើន​នឹង​នាំគ្នា​ងាក​មក​ដាំ​ដំណាំ​ស្វាយ​នេះ​ច្រើនជាង​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ម្យ៉ាងវិញទៀត​ គឺមាន​ក្រុម​ឈ្មួញ​ថៃ​មក​ទទួល​ទិញ​ដល់​ចំការ​របស់​ពួកគាត់​ផងដែរ ​ដោយសារ​ខេត្ត​មួយ​នេះ​ នៅ​ជិត​ច្រក​ចេញចូល​ប្រទេស​ថៃ​ស្រាប់​ ងាយស្រួល​ក្នុង​ការ​ដឹក​ទិញ​កសិផល​ទៅមក​រវាង​ប្រជាពលរដ្ឋ​ទាំងសងខាង​៕