ឯកឧត្តម លី ធុជ៖ រយៈពេល​៤០​ឆ្នាំ ​ជនរ​ង​គ្រោះដោយ​សារ​មីន/សំណល់ជា​តិផ្ទុះ​ពី​សង្រ្គាម​ចំនួន​៦៤.៨៥៥នា​ក់

256

បាត់ដំបង៖ ឯកឧ​ត្តម ​លី ធុជ ​ទេសរ​ដ្ឋម​ន្ត្រីទ​ទួលបន្ទុក​បេសកកម្មពិ​សេស ​អនុប្រ​ធានទី១​ អាជ្ញាធ​រមីនបាន​បញ្ជាក់​ថា ​ចាប់​តាំង​ពីឆ្នាំ១៩៧៩​ដល់​ ឆ្នាំ​២០១៩ ​មាន​ជន​រងគ្រោះដោយ​សារ​មីន​/សំណល់ជាតិ​ផ្ទុះ​ពីសង្រ្គាម​ចំនួន​ ៦៤.៨៥៥​នាក់​ ។


ថ្លែងក្នុ​ងពិធី​ដំឡើ​ផ្ទាំងប៉ាណូ​សារអ​ប់រំមី​ននៅ​សាលាបឋម​សិក្សា​អភិវឌ្ឍ​ន៍សំឡូត​ ស្រុ​កសំឡូត ​ខេត្ត​បាត់ដំបង ​ដែល​ជាអ​តីតតំប​ន់សម​រភូមិក្តៅ ​នាព្រឹ​កថ្ងៃទី​២​៨ ខែមករា ឆ្នាំ២០២០នេះ ​ឯក​ឧត្តម លី​ ធុជ បាន​បញ្ជាក់ថា​ បាត់ដំ​បង​ជាខេ​ត្តមួយក្នុងចំណោ​មខេត្តដែ​លមានអត្រាគ្រោះថ្នាក់ខ្ពស់​។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអរគុណដល់សន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំលត់ភ្លើងសង្គ្រាមទាំងស្រុង និងបាននាំមកនូវសុខសន្តិភាព-វឌ្ឍនភាពដល់ប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវសន្តិភាព ដែលជាចំណុចចាប់ផ្តើម រាល់អ្វីៗទាំងអស់ និងមានសារសំខាន់មិនអាចកាត់ថ្លៃបាន។

អាជ្ញាធ​រមីន​ បានសម្រេច​ដំឡើង​ប៉ាណូ​ ដែលមានរូ​បភាព​និង​ខ្លឹម​សារអប់​រំអំពីគ្រោះថ្នាក់ដោយ​សារ​មីនតោន ​នៅពេ​លប្រើប្រាស់​គ្រឿងចក្រ​ក្នុតំបន់សង្ស័យ ​ព្រម​ទាំងលេ​ខទូរ​ស័ព្ទទំនាក់ទំ​នង​ ដើម្បី​ដាស់​តឿនបន្ថែមដ​ល់ប្រ​ជាពលរដ្ឋអោ​យចៀស​វាង​ពីទង្វើដែល​អាច​នាំទៅ​រកគ្រោះ​ថ្នាក់ជាយ​ថា​ហេតុ​។

ពិធី​ដំឡើង​ប៉ាណូសា​រអ​ប់រំមានការចូលរួមតំណាងនិធិអង្គការសហប្រជាតិដើម្បីកុមារ (UNICEF)ប្រចាំកម្ពុជា,អាជ្ញាធរដែនដី,លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សារអប់រំដល់សហគមន៍ដែលរងផលប៉ះពាល់ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ស្លាប់និងរបួសព្រមទាំងពិការដោយសារមីន។
ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស.ត្រូវបានអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ដោយមានស្ថាប័នជាតិ និងអន្តរជាតិជាប្រតិបត្តិករ។ នៅក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយ សារមីននិងស.ផ.ស. ត្រូវបានកំណត់នៅក្នុងគោលដៅទី១ នៃគោលបំណងទី៤« ផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងស.ផ.ស. ប្រកបដោយប្រសិទ្ធភាព ដល់ប្រជាជនដែលរស់នៅតាមតំបន់មានហានិភ័យខ្ពស់ និងតំបន់ដែលមានគ្រោះថ្នាក់កើតឡើងថ្មីៗ ដោយបង្កើតសារអប់រំអោយស្របទៅតាមភេទ អាយុ សកម្មភាព និងពង្រឹងបណ្តាញនៅតាមមូលដ្ឋាន»។
យោងតាមរបាយការណ៍អាជ្ញាធរមីនបានបញ្ជាក់ថា នៅឆ្នាំ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជា​ មានជនរងគ្រោះដោយសារមីន និងស.ផ.ស. ចំនួន ៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ២៣នាក់ និងដោយសារស.ផ.ស. ៥៤នាក់ បើប្រៀបធៀប​ទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ៥៨នាក់ គឺកើនឡើង១៩នាក់ត្រូវជា៣៣%​។ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងស.ផ.ស.ចំនួន ១១នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន៧នាក់ និងដោយសារស.ផ.ស. ចំនួន ៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានជនរងគ្រោះចំនួន ៨នាក់ គឺកើនឡើង ៣៨%។ ក្នុងចំណោមជនរងគ្រោះ ១១នាក់ ក្នុងខេត្តបាត់ដំបងរួមមាន៖ ​ជនរង​គ្រោះ​ជាសិស្សសាលា៣នាក់ ក្មេងក្រៅសាលា១នាក់ កសិករ៤នាក់ កម្មករស៊ីឈ្នួល​បើកបរ២នាក់ និងជាយោធា១នាក់។​ ឧប្បត្តិហេតុទាំងនោះ​បានកើតឡើងនៅស្រុកសំឡូត៤នាក់ ស្រុក​កំរៀង៣នាក់ ស្រុករតនមណ្ឌល២នាក់ ស្រុកភ្នំព្រឹក១នាក់ និងស្រុកបាណន់ម្នាក់។
សារអប់រំនៅតែចាំបាច់ ក្នុងការគាំទ្រដល់សកម្មភាពអប់រំប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍ ដែររងផលប៉ះពាល់ដោយសារមីន/ស.ផ.ស.។​ ក្នុងឆ្នាំ២០១៩នេះ តាមរយៈការគាំទ្រដោយអង្គការ UNICEF អាជ្ញាធរមីនបានរៀបចំ និងបោះពុម្ភសម្ភារៈ អប់រំមួយចំនួនរួមមាន៖ ១/វីដេអូឃ្លីបសម្រាប់ចាក់បញ្ចាំងដើម្បីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញសង្គម ។ល។ ២./ផ្ទាំងប៉ាណូចំនួន៤ផ្ទាំងដែលមានខ្លឹមសារខុសគ្នា សម្រាប់តាំងបង្ហាញទៅតាមប្រភេទនៃតំបន់គ្រោះថ្នាក់ស្របចរឹកនៃគ្រោះថ្នាក់នាពេលបច្ចុប្បន្នដូចជាៈ ផ្ទាំងប៉ាណូដែលមានខ្លឹមសារអប់រំ អំពីការប្រើប្រាស់គ្រឿងចក្រ រុករានដីថ្មីសម្រាប់ធ្វើ កសិកម្ម។ផ្ទាំងប៉ាណូដែលមានខ្លឹមសារអប់រំអំពី ការកែឆ្នៃគ្រឿងផ្ទុះគ្រប់ប្រភេទក្នុងគោលបំណង លក់ដូរ នេសាទត្រី ឬសម្រាប់ជាឧបករណ៍ប្រើប្រាស់ផ្សេងៗ ។ល។ ផ្ទាំងប៉ាណូដែលមានខ្លឹមសារអប់រំអំពី ការប្រថុយប្រថានក្នុងការប្រកបមុខរបរអនុផលក្នុងតំបន់គ្រោះថ្នាក់ជាដើម៕