រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ជីវិត​កីឡា​របស់ Kobe Bryant មុន​ទទួល​មរណភាព​ដោយ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

289

បាល់បោះ៖ ​Kobe Bryant ត្រូវ​បាន​គេ​កោតសរសើរ​ថា​ ជា​អត្ត​ព​លិ​ក “​អស្ចារ្យ​ឪពុក​ដែល​លះបង់​ និង​ជា​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ​មុន​ពេល​តារា​បាល់បោះ​រូប​នេះ​បាន​ស្លាប់​ ក្នុង​ហេតុ​ការណ៍​អកុសល​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃ​អាទិត្យ​។

​​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់បោះ​អាមេរិក​NBA ៥​សម័យ និង​ម្ចាស់​មេដាយ​មាស​អូឡាំពិក ២សម័យ​កាល​បាន​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ​រួម​ជាមួយ​កូនស្រី​អាយុ ១៣​ឆ្នាំ​របស់​គាត់​ឈ្មោះ Gianna នៅ​ក្នុង​ឧប្បត្តិហេតុ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​ ​អធិការ​ក្រុង Los Angeles លោក Alex Villanueva បាន​និយាយ​ថា ​មនុស្ស ៩​នាក់​រួម​ទាំង​អ្នក​បើក​យន្តហោះ​បាន​ស្លាប់​ នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​នេះ ​ប៉ុន្តែ​កំពុង​រង់ចាំ​របាយ​ការ​ណ៍​របស់​អ្នកស៊ើប​អង្កេត​ មុន​ពេល​បញ្ជាក់​ពី​អត្តសញ្ញាណ​ណាមួយ​ ព្រោះ​វា​ជា​រឿង​មិន​សមរម្យ​ក្នុង​ការ​ធ្វើ​ដូច្នេះ​។​ ​កើត​នៅ​ទីក្រុង Philadelphia ក្នុង​ឆ្នាំ១៩៧៨ Bryant ដែល​បាន​រៀបការ​ជាមួយ​ភរិយា ​Vanessa និង​មាន​កូនស្រី ៣​នាក់​ទៀត​គឺ Natalia, Bianca និង Capri ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង NBA ហើយ​បាន​ចំណាយ​ពេល​ពេញ​មួយ​អាជីព​របស់​គាត់​រយៈពេល ២០​ឆ្នាំ​ជាមួយ Los Angeles Lakers​Gianna ក៏​ជា​អ្នកលេង​បាល់បោះ​ដែល​ជោគជ័យ​ម្នាក់​ដែរ ដែល Bryant ធ្លាប់​បាន​និយាយ​ថា ​នឹង​បន្ត​កេរ្តិ៍​ដំណែល​របស់​គាត់​។

​​Bryant បាន​ចាប់ផ្ដើម​អាជីព​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​ក្លិប​បាល់បោះ​ Charlotte Hornets ប៉ុន្តែ​ក៏​ផ្ទេរ​ទៅ LA Lakers ជា​កន្លែង​ដែល​គាត់​នឹង​ក្លាយ​ជា NBA All-Star ១៨​ដង​។​ ​ទន្ទឹម​នឹង Shaquille O’Neal, Bryant បាន​ជួយ​ក្រុម Lakers ឈ្នះ​ជើងឯក NBA ចំនួន ៣​ដង​ជាប់ៗ​គ្នា​នៅ​ចន្លោះ​ឆ្នាំ ២០០០ និង ២០០២​។ អាជីព​ជោគជ័យ និង​ល្បីល្បាញ​របស់​គាត់​ក៏​ធ្លាប់​មាន​រឿងអាស្រូវ​ដែរនៅ​ឆ្នាំ​២០០៣ Bryant ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​និយោជិក​អាយុ ១៩​ឆ្នាំ​នៅ​ឯ​រមណីយដ្ឋាន Colorado Resort​។​ តែ​ក្រោយមកលោក​បាន​និយាយ​ថា ​អ្នក​ទាំងពីរ​បាន​រួម​ភេទ​ដោយ​មានការ​ព្រមព្រៀងគ្នា​ ហើយ​ក្រោយ​មក​ព្រះរាជអាជ្ញា​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ ​តាម​ការ​ស្នើ​សុំ​របស់​ជន​ជាប់ចោទ​ ខណៈ​ដែល​ស្ត្រី​រូប​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង Bryant ដែល​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្រៅ​តុលាការ​។​ ​​Bryant ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​កីឡាករ​ដែល​មាន​តំលៃ​បំផុត​ប្រចាំ​ឆ្នាំ​របស់ NBA ក្នុង​ឆ្នាំ២០០៨ បន្ត​បន្ថែម​នូវ​ឈ្មោះ​របស់ NBA ចំនួន ២ ទៀត​គឺ​នៅ​ក្នុង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ ហើយ​ក្នុង​ឱកាស​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Finals MVP។​

​​ក្លិប​បាល់បោះ LA Lakers បាន​ចូលនិវត្តន៍​ទាំង​លេខ​អាវ​របស់ Bryant លេខ​៨ និង លេខ​២៤ នៅ​ក្នុង​ពិធី​មួយ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧។​ ​Bryant ឈរ​នៅ​លេខ​៣ ក្នុង​តារាង​អ្នករក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​នៅ ​NBA រហូតដល់​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ពេល​ដែល​កីឡាករ LA Lakers បច្ចុប្បន្ន LeBron James បាន​រុញ​គាត់​ឱ្យ​ឈរ​នៅ​លេខ៤។ Bryant រក​បាន ៣៣.៦៤៣​ពិន្ទុ​ក្នុង​អាជីព​នៅ​ NBA។​ ​Lakers នឹង​ត្រូវ​ប្រកួត​ជាមួយ​ Los Angeles Clippers នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​អ្នកគាំទ្រ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​កីឡដ្ឋាន​ Staples Center ដែល​ជា​ទីលាន​នៅផ្ទះ​របស់ Lakers ដើម្បី​ចូលរួម​គោរព​ដល់ Bryant

អត្ថបទ​៖​នាង សុភា​វុ​ធ