កង្វល់​សកល​កាន់​តែ​រីក​ធំ​ឡើង ​ខណៈ​ក្រុង​ប៉េកាំង​រាយការណ៍​ពី​ការ​ស្លាប់​ដោយ​សារ​វីរុស​ជា​លើក​ដំបូង​

538

ចិន៖ រដ្ឋធានី​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ បាន​កត់ត្រា​នូវ​ការ​បាត់​បង់ជីវិត​លើក​ដំបូង​របស់​ខ្លួន ​ពី​វីរុស​ឆ្លង​ដ៏​សាហាវ​មួយ ​ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ព្យាយាម ​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​រីក​រាលដាល​ ដ៏​ឆាប់រហ័ស​ដែល​បាន​បង្ក​ឲ្យ​កង្វល់​សកល ​ដោយ​បណ្ដា​ប្រទេស​នានា​កំពុង​ប្រញាប់ប្រញាល់​ ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញពី​ចំណុច​កណ្ដាល​នៃ​ការ​រាតត្បាត​។​

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១០៦​នាក់​បាន​បាត់​បង់ជីវិត ​ដោយសារ​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​មនុស្ស​ជាង ៤០០០​នាក់​បាន​ឆ្លង​វីរុស​នៅ​ទូទាំង​ប្រទេស​។​ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ពិចារណា​ឡើងវិញ​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ​និង​បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​ទៅ​ខេត្ត​ Hubei ភាគ​កណ្ដាល ជាទី​ដែល​វីរុស​ដូច​ជំងឺ​រលាក​សួត​កើតឡើង​។ ​ម៉ុង​ហ្គោ​លី​បាន​បិទ​ព្រំដែន​ដ៏​ធំ​របស់​ខ្លួន ​មិន​ឲ្យ​រថយន្ត​ឆ្លង​មកពី​ប្រទេស​ចិន​ចូល​ទៅ​ឡើយ​។​ ប្រទេស​បែលហ្ស៊ិក​, បង់​ក្លា​ដែ​ស, ឥណ្ឌា និង​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា ​ពួកគេ​កំពុង​ធ្វើ​ការ​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​របស់​ពួកគេ​ ខណៈ​ដែល​ប្រទេស​អាល្លឺម៉ង់​កំពុង​ពិចារណា​ពី​លទ្ធភាព​ដូច​គ្នា​នេះ៕

អត្ថបទ៖ សុខ​មាន