ជំនួប​រវាង LA Lakers និង LA Clippers ត្រូវ​បាន​លើក​ពេល​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ Kobe Bryant

62

បាល់បោះ​៖ ​ប្រធាន​សមាគម​បាល់បោះ​អាមេរិក បាន​សំរេច​លើក​ការប្រកួត​ក្រប​ខណ្ឌ NBA រវាង LA Lakers និង LA Clippers នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​មរណភាព​របស់​អតីត​កីឡាករ​ដ៏​ឆ្នើម​របស់​ពួកគេ​ Kobe Bryant​។​ ​បុរស​វ័យ ៤១​ឆ្នាំ​រូប​នេះ​បាន​ស្លាប់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ធ្លាក់ ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃអាទិត្យ​ រួម​ជាមួយ​កូនស្រី​វ័យ ១៣​ឆ្នាំ ​Gianna​ និង​មនុស្ស ៧​នាក់​ផ្សេងទៀត​។

​​LA Lakers គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​រួម​ទីក្រុង ​LA Clippers ថ្ងៃ​អង្គារ​នេះស្មើនឹង​ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា​។​ NBA បាន​អោយ​ដឹង​ថា ​ការប្រកួត​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​ក្រោយ “​ដោយ​គោរព​ក្រុម​បាល់បោះ ​LA Lakers” ចំពោះ​ការបាត់បង់​អតីត​វិ​រ​បុរស​របស់​ពួកគេ​។​ ​Bryant ដែល​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ចំណាយ​ពេល ២០​ឆ្នាំ​ជាមួយ LALakers គឺជា​ម្ចាស់​ជើងឯក NBA ៥សម័យកាល​ និង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​អោយ NBA All-Star ១៨ដង​។​ ​“​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា​។ យើង​បន្ត​គាំទ្រ​ដល់​គ្រួសារ Bryant ហើយ​នឹង​ចែករំលែក​ព័ត៌មាន​បន្ថែម​ទៀត​តាម​ដែល​អាច​រក​បាន​។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដំបូង​របស់​ពួកគេ​ ចាប់​តាំង​ពី​សោកនាដកម្ម​បាន​និយាយ​ថា ​ក្រុម Los Angeles Lakers សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំ​ង​អស់​គ្នា​ចំពោះ​ការ​គាំទ្រ​ និង​ការចូលរួម​មរណទុក្ខ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ