ជំនួប​រវាង Shanghai SIPG និង Buriram នឹង​គ្មាន​មនុស្ស​ទស្សនា​ដោយ​សារ​បញ្ហា​មេរោគ​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​

168

បាល់ទាត់៖ ​ក្រុម Shanghai SIPG នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ​ថៃ ​Buriram United ដោយ​មិន​មាន​មនុស្ស​ទស្សនា​ឡើយក្នុង​ការ​ប្រកួត​វគ្គ​ជំ​រុះ​ពានរង្វាន់ AFC Champions League ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន Yuanshen Sports Center ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ថ្ងៃនេះ​។ ​ការសម្រេចចិត្ត​ក្នុង​ការ​លេង​វគ្គ​ជម្រុះ​សំខាន់​រវាង​ក្រុម​យក្ស​នៅ​ចិន និង​ក្រុម​លី​គ​កំពូល​ថៃដោយ​គ្មាន​អ្នកគាំទ្រ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយសារតែ​ការ​រីក​រាល​ដាល​នៃ​មេរោគ​ឆ្លង​ផ្លូវ​ដង្ហើម ដែល​បាន​សម្លាប់​មនុស្ស​ឡើង​ដល់ ១០៦នាក់​នៅ​ក្នុង​ប្រទេស​ចិន​។​

មាន​សេចក្ដីរាយការណ៍​ថា ​ក្លឹប​ថៃ​បាន​ស្នើសុំ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ឲ្យ​ផ្អាក​ការប្រកួត​នេះ​ ដោយសារ​ការភ័យខ្លាច​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​នេះ​។ ​អ្នកឈ្នះ​នៃ​ការប្រកួត​ជម្រុះ​នេះ​នឹង​កក់​កន្លែង​មួយ ​នៅ​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​ AFC Champions League 2020។​ ​សូម​បញ្ជាក់​ថា ​លី​គ​ថៃ​មាន​ក្រុម​ដែល​មាន​កៅអី​រួច​ហើយ​នៅ​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ក្រុម​ ACL ២០២០​ គឺ​ក្រុម​ជើងឯក​ Chiangrai United ខណៈ ​Buriram អាច​ក្លាយ​ជា​ក្រុម​ថៃ​ទី​២ ​នៅ​ក្នុង​ការប្រកួត ​ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​លើ​ក្រុម​ខ្លាំង​របស់​ចិន​មួយ​នេះ​។ ​Buriram បាន​មក​ដល់​វគ្គ​នេះបន្ទាប់ពី​យកឈ្នះ​ក្រុម Ho Chi Minh City FC របស់​វៀតណាម​ដោយ​លទ្ធផល​ ២១ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ​ដែល​ធ្វើឡើង​កាលពី​សប្ដាហ៍​មុន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ