បារាំង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​កាត់​បន្ថយ​កង​ទ័ព​អាមេរិក​នៅ​ក្នុង​តំបន់​អាហ្វ្រិក​

71

អាមេរិក៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​លោក​ស្រី​ Florence Parly បាន​ជួប​ជាមួយ​លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​នៅ​ឯ​មន្ទីរ​បញ្ចកោណ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដើម្បី​​ធ្វើ​ការ​ពិភាក្សា​​ក្នុង​ចំណោម​​រឿង​ដទៃ​មួយ​ចំនួន ​​មាន​អំពើ​ភេរវកម្ម​​នៅ​ក្នុង​តំបន់​អាហ្វ្រិក​, លទ្ធភាព​​កាត់​បន្ថយ​កង​ទ័ព​អាមេរិក​​នៅ​ទ្វីប​នោះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​​ឡើង​វិញ​ នៅ​​ទូ​ទាំង​ពិភព​លោក​ដោយ​លោក Esper

បារាំង​បាន​និយាយ​ដោយ​ត្រង់​ៗ​អំពី​តម្រូវ​ការ​​ សម្រាប់​ការ​គាំទ្រ​​ផ្នែក​យោធា​របស់​អាមេរិក​នៅ​ក្នុង​តំបន់​​សាហែល ជា​តំបន់​ទំនាប​ទាប​ជាង​វាល​ខ្សាច់​​សាហារ៉ា​ ខណៈ​ដែល​ក្រុម​នានា​​មាន​ទំនាក់​ទំនង​​​ជាមួយ​ក្រុម​អាល់កៃដា និង​ក្រុម​ចលនា​រដ្ឋ​អ៊ីស្លាម​​ធ្វើ​សកម្មភាព​​ចូល​កាន់​តែ​ជិត​ទីក្រុង​ឆ្នេរ​ ដែល​សម្បូរ​​ដោយ​ពលរដ្ឋ​​រស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​​ហ្កាណា និង​​កូឌីវ័រ​ជា​ដើម។ លោក​ស្រី Parly បាន​លើក​ឡើង​​នៅ​ឯ​សន្និសីទ​​សារព័ត៌មាន​​រួម​គ្នា​មួយ​​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​សាហែល​ ពិត​ជា​មាន​​សារសំខាន់ចំពោះ​​​កិច្ច​ប្រតិបត្តិការ​សឹក​របស់​​យើង។ លោក Esper បាន​និយាយ​ថា ប្រទេស​បារាំង​បាន​សម្រេច​ចង​សម្ព័ន្ធមិត្ត​​ ជាមួយ​ប្រជាជន​​អឺរ៉ុប​ដទៃ​ទៀត​​ក្នុង​ការ​ជួយ​​ក្នុង​តំបន់​ផង​ដែរ។ ​លោក Esper កំពុង​ស្វែង​រក​​មធ្យោបាយ ​​ដើម្បី​ពង្រឹង​​ការ​យក​ចិត្ត​ទុក​​ដាក់​លើ​​ប្រទេស​ចិន និង​រុស្ស៊ី​​ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​​នៅ​ពេល​ណា​​ការ​សម្រេច​មួយ​នេះ​នឹង​ត្រូវ​ប្រកាស​​ឲ្យ​ដឹង​​នោះ​ទេ។ ​លោក Esper បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​​​​​នឹង​មិន​​ដក​កង​កម្លាំង​ ចេញ​ពី​តំបន់​អាហ្វ្រិក​ទាំង​ស្រុង​​នោះ​ទេ។ លោក​ស្រី Parly បាន​និយាយ​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​បារាំង​​មាន​ភាព​រឹង​មាំ​ និង​ប្រកប​ដោយ​ផ្លែ​ផ្កា៕​

អត្ថបទ៖ រិទ្ធី