កម្ពុជា​និង​ចិន អះអាង​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​

168

ភ្នំពេញ៖ តាមរយៈ​ក្រសួងពាណិជ្ជកម្ម ​បាន​ឲ្យ​ដឹង​ថា ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ខិតខំ​យ៉ាងណា​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​វិនិយោគ សេវា និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ពាណិជ្ជកម្ម​សរុប ១០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣ តាម​ការកំណត់​។​

​​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​រសៀល​ថ្ងៃទី​២៨ មករា ឆ្នាំ​២០២០​នេះ បាន​លើក​ឡើងថា យោងតាម​សេចក្តីណែនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម លី គឺ​ជាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី​២០២៣ ខែមករា​កន្លងទៅ នៅ​ទីក្រុង​ប៉េកាំង ឲ្យ​ក្រុមការងារ​នៃ​ប្រទេស​ទាំង​២ រៀបចំ​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​កម្ពុជា​-​ចិន ភាគី​ទាំងពីរ​បានចាប់ផ្តើម​សិក្សា និង​រាយការណ៍​ពី​អត្ថប្រយោជន៍​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី ព្រមទាំង​ទទួលបាន​អាណត្តិ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ដំណើរការ​ចរចា​រលើ​កិច្ចព្រមព្រៀង​នេះ​។​

​​ប្រភព​ខាងលើ ​បាន​បញ្ជាក់​ថា ដោ​ឡែក​តាម​ការចរចា​ជុំ​ទី​១ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ចិន នៅ​ថ្ងៃទី​២០ និង​២១ ខែមករា ភាគី​ទាំង​២​បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា​-​ចិន ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​។ ឆ្លងកាត់​ការចរចា​រយៈពេល ២​ថ្ងៃនោះ ប្រ​ធា​ក្រុម​ចរចា​នៃ​ប្រទេស​ទាំង​២ បានកត់សម្គាល់​លទ្ធផល​ជា​វិជ្ជមាន​របស់​ក្រុមការងារ​ចរចា​ទាំង​១០​ក្រុម ដោយបាន​ផ្លាស់ប្តូ​រមតិ និង​គោលជំហរ​ទៅវិញទៅមក ព្រមទាំង​ឯកភាព​លើ​មាត្រា​មួយចំនួន​នៅក្នុង​ជុំ​ចរចា​នេះ​ផងដែរ​។​

​​ជំហាន​បន្ទាប់ ភាគី​ទាំង​២​នឹង​ជំរុញ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​នូវ​ការលើកឡើង​ចំណុច ឬ​សំណើរ​ផ្សេងៗ តាម​ក្រុមការងារ​នីមួយៗ សំដៅ​ឈានទៅរក​ការឯកភាព​លើ​កិច្ចព្រមព្រៀង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ទន្ទឹមនេះ ប្រធាន​ក្រុម​ចរចា​ទាំង​២ បាន​ឯកភាព​ជុំវិញ​កិច្ច​ពិគ្រោះ​យោបល់ និង​សម្របសម្រួល​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​ឲ្យ​បាន​មុន​ជុំ​ទី​២​នៃ​ការចរចា ដែល​គ្រោង​នឹងធ្វើ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០​នេះ​៕​