មន្ទីរពេទ្យ​កុមារ​ជាតិ មិនទាន់​ទទួល​បាន​អ្នកជំងឺ​ណាមួយ​មក​ពិនិត្យ​ព្យាបាល មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នោះ​ទេ​

126

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ប្រាប់​នា​ព្រឹក​ថ្ងៃទី​២៨ មករា ២០២០​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ ករណី​ថ្មី​នៃ​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុង​រាតត្បាត​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហឺ​បេ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ មិន​ទាន់មាន​កុមារ​ណា​ម្នាក់​សង្ស័យ មាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉​ណា​នៅឡើយ​នោះទេ​។

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បន្ត​ទៀតថា ស្រប​ពេល​ដែល​កម្ពុជា កំពុងមាន​១​ករណី កើត​លើ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​នោះ​។ ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ជាម​នី្ទ​រ​ពេទ្យ​ធំ​មួយ ដែល​ទទួលបន្ទុក​ព្យាបាល​ជំងឺ​កុមារ យើង​ក៏បាន​រៀបចំ​ត្រៀមខ្លួន ចាត់វិធានការ ក្នុងការ​ការពារ ទប់ទល់​ក្នុង​ការឆ្លង​រោគ​ទាំង​ក្នុង​ម​នី្ទ​រ​ពេទ្យ និង​ការព្យាបាល​ជំងឺ​ទៅលើ​អ្នក​ដែល​យើង​សង្ស័យថា​ផ្ទុក​ជំងឺ​រលាក​សួត​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។​

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បានបញ្ជាក់​ផងដែរ​ថា រហូតដល់​ពេលនេះ នៅ​មិន​ទាន់មាន​កុមា​រ​ណា​ម្នាក់​សង្ស័យ​មាន​ឆ្លង​ជំងឺ​ថ្មី​នេះ​នៅឡើយ​ទេ ខណៈ​នៅ​កម្ពុ​ជាមាន​ឆ្លង​ជំងឺ​នេះ​១​ករណី​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​កំពុង​តាមដាន និង​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​នូវ​ស្ថានភាព​កើតមាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ និង​សូម​អំពាវនាវ​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​វិលត្រឡប់​មក​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហឺ​បេ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន​ជាប់​ជាប្រចាំ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​មាន​រោគសញ្ញា​ហត់ ឬ​ថប់ដង្ហើម សូម​ប្រញាប់​ស្វែងរក​ការពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​បើ​លោកអ្នក​មាន​សំណួរ ឬ​ចម្ងល់​អ្វី​ពី​បញ្ហា​សុខភាព​លោកអ្នក សូម​ទាក់ទង​ទៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​៕​