ធា​រី ចន្ថា​ប៊ី​ន ​ត្រឡប់​ទៅ​ចូល​រួម​ជាមួយ​ក្លិប​ម៉ាឡេស៊ី Perak ក្រោយ​បង្ហាញ​ខ្លួន​រយៈ​ពេល​ខ្លី​ជាមួយ Sukhothai

74

បាល់ទាត់៖ កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​ ធា​រី ចន្ថា​ប៊ី​ន​ បាន​ប្រកាស​ពី​ការ​ត្រឡប់​ ទៅ​រួម​រស់នៅ​ទឹកដី​ម៉ាឡេស៊ី​សាជាថ្មី​ជាមួយ​ក្លិប​ Perak FA ក្រោយ​កីឡាករ​រូប​នេះ​ចាកចេញ​ពី​ក្លិប​ Terengganu FC ក្រោយ​ចប់​រដូវ​កាល​២០១៩​កន្លងទៅ​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ក្រោយ​ចំណាយ​ពេល ​២​រដូវ​កាល​នៅ​ក្លិប Terengganu កីឡាករ​ខ្សែបម្រើ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​ផ្លូវការ​ពី​ក្លិប​ម៉ាឡេស៊ី​ និង​បាន​បង្ហាញខ្លួន​ជាមួយ​ក្លិប​សុខោទ័យ ​ព្រមទាំង​បាន​ហ្វឹកហាត់​មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ​។​ យ៉ាង​ណាក៏ដោយ​បើ​តាម​ទំព័រ​ផ្លូវការ​របស់​កីឡាករ​រូប​នេះ ​បាន​បង្ហាញ​នូវ​រូបភាព​មួយ​សន្លឹក​អម​ជាមួយ​អត្ថន័យ​ ដែល​បង្ហាញ​ពី​ការចូលរួម​ជាមួយ​ក្លិប Perak FA វិញ​នា​រដូវ​កាល​២០២០​ ខាងមុខ​ហើយ​ក៏​ជា​រដូវ​កាល​ទី​៣​ របស់​គេ​នៅ​លី​គ​ម៉ាឡេស៊ី​ដែរ​។​ ងាក​មកកាន់​ក្លិប Perak វិញ​គឺជា​ក្លិប​ដែល​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥ ​នា​លី​គ​កំពូល​ម៉ាឡេស៊ី​កាលពី​រដូវ​កាល​មុន​៕