ការ​ប៉ះ​ទង្គិច​​មួយ​ចំនួន​នៅ​តំបន់​វេសបែង​ បន្ទាប់​ពី​​លោក Trump បង្ហាញ​ផែន​ការ​​សន្តិភាព​

152

វេសបែង៖ ក្រុម​អ្នក​តវ៉ា​ប៉ាឡេស្ទីន​​នៅ​តំបន់​វេសបែង​ បាន​ប៉ះ​ទង្គិច​​ជាមួយ​ទាហាន​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ភ្លាមៗ​បន្ទាប់​ពី​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក ម៉ាសម៊ូត អាបបាស់ (Mahmoud Abbas) ​បាន​ច្រាន​ចោល​ផែន​ការ​សន្តិភាព​ ដែល​ត្រូវ​បាន​បង្ហាញ​​ជា​ថ្មី​​របស់​រដ្ឋបាល​​លោក Donald Trump

បាតុករ​​នៅ​ក្បែរ​​កន្លែង​តាំង​ទី​លំនៅ​បេតអែល​ របស់​ជន​ជាតិ​ជ្វីហ្វ​​នៅ​ជាយ​ទីក្រុង​​រ៉ាម៉ាលឡា​ ត្រូវ​បាន​​គេ​​ឃើញ​​កំពុង​​រត់​គេច​ចេញ​ ខណៈ​​ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក​​​ត្រូវ​បាន​​បាញ់​សំដៅ​​ទៅ​លើ​​ពួក​គេ។ ជា​លទ្ធផល​​​តប​​ត្រឡប់​ទៅ​វិញ​ ​ក្រុម​អ្នក​តវ៉ា​បាន​​ដុត​កង់​​រថយន្ត​ និង​ស្រែក​​ពាក្យ​​ប្រឆាំង​​ផែន​ការ​​នេះ ដែល​នឹង​​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​​ដាច់​ដោយ​ឡែក​​តូច​មួយ​​​ក្នុង​តំបន់​​វេសបែង និង​អនុញ្ញាត​​ឲ្យ​​អ៊ីស្រាអែល​​ដាក់​បញ្ចូល​ទី​តាំង ​សង់​លំនៅឋាន​​​ដោយ​ជន​ជាតិ​​ជ្វីហ្វ​​ស្ទើរ​ទាំង​អស់​​នៅ​ក្នុង​ដែន​ដី​​នេះ។ ​លោក អាបបាស់ (Abbas) បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា លោក​នឹង​ច្រាន​ចោល​ផែន​ការ​នេះ​ជា​យូរ​មក​​​ហើយ​ មុន​ពេល​​ផែន​ការ​នេះ​ត្រូវ​បាន​ចេញ​​ផ្សាយ ​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​​ពិត​ជា​​លំអៀង​​ទៅ​ខាង​អ៊ីស្រាអែល៕

អត្ថបទ៖ រិទ្ធី