គ​.​ជ​.​ប ថ្លែង​ថា ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ចាប់ពី​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​២៣ ​ខែឧសភា

504

ភ្នំពេញ ៖ ​លោក​ម៉ុក ដា​រ៉ា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ថ្លែងថា​ អនុលោម​តាមច្បាប់​បោះឆ្នោត បទបញ្ជា ​និង​នីតិវិធី​សម្រាប់ការ​ពិនិត្យ​បញ្ជី​បោះឆ្នោត​ និង​ការ​ចុះឈ្មោះ​អ្នក​ប្រចាំឆ្នាំ ​និង​ប្រតិ​ទិននៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​២០២០ ​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ នៅ​តាម​ឃុំសង្កាត់ ​ទូទាំង​ប្រទេស​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​។

ក្រុម​ប្រឹក្សាឃុំ សង្កាត់​ ត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​១​ថ្ងៃ ​គឺ​នៅ​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២០ ​ដើម្បី​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ ត្រួតពិនិត្យ​ការអនុវត្ត ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​។

លោក​ បន្តថា នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ត្រូវ​ចាត់ចែង​ផលិត​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ ​(​បញ្ជី​បោះឆ្នោត​ចុងក្រោយ​) ចំនួន​៣​ច្បាប់ ​ផ្តល់​ជូន​ក្រុម​ប្រឹក្សាឃុំ សង្កាត់​សម្រាប់​បិទ​ផ្សាយ​ នៅតាម​សាលាឃុំ ​សង្កាត់ និង​ទីប្រជុំជន​ណាមួយ​ក្នុង​ឃុំ ​សង្កាត់ ព្រម​ទាំង​រក្សាទុក​១​ ច្បាប់​ ដើម្បី​បំរើ​អោយ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​។ ​ការ​ផ្តល់​លិខិត​អញ្ជើញ​ជូន​ប្រជាពលរដ្ឋ ដែល​មា​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ ២០១៩ ពិសេស​អ្នក​ដែល​បាន​ប្រើ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ចាស់ (​បច្ចុប្បន្ន​ហួស​សុពលភាព​) ​និង​លិខិតបញ្ជាក់​អត្តសញ្ញាណ ​ក្នុងការ​ចុះឈ្មោះ​កន្លងមក​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ ​និង​មក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប្រភេទ​ថ្មី​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុង​រយៈពេល​ជាក់ស្តែង​នៃ​ការផ្តល់​លិខិត​អញ្ជើញ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ សង្កាត់ ត្រូវ​កំណត់​តាម​ប្រតិទិន ​ការងារ​របស់​គ​.​ជ​.​ប​។

សូមជម្រាបថា ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ មាន​ចំនួន​៨.៦២៩.៣៥៧​នាក់ ​ស្មើនឹង​៨៤.៧៩​ភារ​យ ធៀប ​និង​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ សរុប​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ​ឡើងទៅ ​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​១០៨.២៧២​នាក់​៕