រដ្ឋមន្ត្រី​ទេសចរណ៍ អំពាវនាវ​ពលរដ្ឋ​កុំ​រើសអើង​ភ្ញៀវ​ទេសចរ​ចិន ​ខណៈ​ចិន​កំពុង​ជួប​ប្រឈម​ Corona Virus

618

ភ្នំពេញ ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​អំពាវនាវ​កុំ​អោយ​ពលរដ្ឋ​កុំ​រើសអើង​ភ្ញៀវទេសចរ​អន្តរជាតិ ​ជាពិសេស​ភ្ញៀវទេសចរ​ចិន ​នៅក្នុង​អំឡុង​ពេលដែល​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​មួយ​ចំនួនទៀត​នៅ​លើ​ពិភពលោក កំពុង​ជួប​ប្រឈម​ នឹង​បញ្ហា​ការ​ឆ្លង​រីក​រាលដាល​មេរោគ Coron Virus​ នេះ​ និង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​។

ថ្លែង​ទៅកាន់​បណ្តា​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម ស៊ែ​រ៉ែ​ន​បាត ណា​ម​ស្រាយ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ទេសចរណ៍​ប្រទេស​ម៉ុង​ហ្គោ​លី ថ្ងៃទី​២៨​ ខែមករា​នេះ ឯកឧត្តម ថោង ​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា ​នៅក្នុង​អំឡុង​ពេលនេះ ​នៅ​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ ​គឺ​សុទ្ធតែ​រឹតបន្តឹង ​និង​ត្រួតពិនិត្យ បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​អ្នកដំណើរ ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​ណា​មាន ​ផ្ទុកមេរោគ ​Corona Virus​ នេះ មុននឹង​អ្នកដំណើរ​នោះ​បន្ត​ធ្វើដំណើរ​ទៅកាន់​កន្លែង​ការងារ និង​ទីសាធារណ​នានា​។

ទោះយ៉ាងណា​ក៏ដោយ ​ឯកឧត្តម ថោង ខុន បាន​ស្នើ​អោយ​បណ្តា​ប្រជាពលរដ្ឋ​គ្រប់រូប ​និង​បណ្តា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​នានា ​ត្រូវ​រួមគ្នា​ធ្វើការ​ទប់ស្កាត់ ​និង​ត្រូវ​ជួយ​រាយការណ៍​បន្ទាន់​ទៅកាន់​ក្រសួងសុខាភិបាល​ ករណី​សង្ស័យ​ជន​ណាម្នាក់ ​ឬ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ​កើត​ជំងឺឆ្លង ​Corona Virus​នេះ ជៀសវាង​ការ​ដើរ​ចោល ​ដោយ​មិន​មាន​ការជួយ​គ្នា​ ឬ​ រើសអើង​ជាតិ​សាសន៍ ​និង​ប្រទេស​ណា​នោះទេ​។

ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្ននេះ អង្គការ​ទេសចរណ៍​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​WTO មិនបាន​ប្រកាស​អោយ​ប្រទេស​ណាមួយ​បិទ​ការហោះហើរ​ដឹក​អ្នកដំណើរ​ និង​ភ្ញៀវទេសចរ​នោះទេ ​ខណៈ​ប្រទេស​ចិន​ខ្លួន​ឯង​បាន​បិទ​ច្រក​ការហោះហើរ ​មិន​អោយ​ពលរដ្ឋ​ចិន ​នៅក្នុង​ទីក្រុង​វ៉ូ​ហាន​ ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង ​Corona Virus​

សូមបញ្ជាក់ថា​ មកដល់​បច្ចុប្បន្ននេះ មេរោគ​Corona Virus នេះ ​បាន​និងកំពុង​បង្ក​ការ​គំរាមកំហែង រីក​រាលដាល​ឆ្លង​ទៅដល់​បណ្តា​ប្រទេស​ប្រមាណ​ជិត​១៥​ប្រទេស រួមមាន ​៖ ប្រទេស​ចិន​ សហរដ្ឋ​អា​មេ​រិក អូស្ត្រាលី ជប៉ុន បារាំង ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហ​បូរី កូរ៉េខាងត្បូង នេ​ប៉ាល និង​ប្រទេស​កម្ពុជា​ ហើយ​ក្រៅពីនេះ ​Corona Virus ​ក៏មាន​កើតមាន​នៅក្នុង​ក្រុង​ហុងកុង ម៉ា​កាវ ​និង​តៃវ៉ាន់​៕