ឧប​នាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បង្កើត​គណៈកម្មការ​ចំនួន​ ៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កីឡា​កា​រ៉ា​តេ​កម្ពុជា​

44

កា​រ៉ា​តេ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បានសម្រេច​បង្កើត​គណៈកម្មការ​ចំនួន ៥ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​កិច្ច​ដំណើរការ​របស់​ស​ហ​ព័ន្ធក្នុង​អាណត្តិ​ទី​៩ ក៏ដូចជា​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

ការសម្រេច​បង្កើត​គណៈ​កម្ម​ការ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាច្រើន​នេះ បាន​ធ្វើ​ឡើង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៨ បន្ដ​អាណត្តិ​ទី​៩ ឆ្នាំ​២០២០២០២៤ នៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០ គ្រា​ដែល​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក ដើម្បី​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី។ ចំពោះ​គណៈកម្មការ​ថ្មី​ទាំង ៥ រួមមាន​គណៈកម្មការ​ចំនួន ៥ រួមមាន​ទី​១-​គណៈកម្មការ​ទីផ្សារ និង​ចលនូបត្ថម្ភ ទី​២-​គណៈកម្មការ​បច្ចេកទេស​, ទី​៣-​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​កា​រ៉ា​តេ​ជាតិ និង​អន្ដរជាតិ​, ទី​៤-​គណៈកម្មការ​វិន័យ និង​ដោះស្រាយ​វិវាទ និង​ទី​៥-​គណៈកម្មការ​អាជ្ញាកណ្ដាល ចៅក្រម​កីឡា​កា​រ៉ា​តេ។ ឯកឧត្ដម​បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មកា​រ​ថ្មី​នេះគឺ​ដើម្បី​បែងចែក​ការងារ និង​ខិតខំ​ពង្រឹង ក៏ដូចជា​អភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បន្ថែម​ទៀត។

ទន្ទឹម​ជាមួយគ្នា​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC ក៏បាន​គាំទ្រ ចំពោះ​ការកំណត់​ផែនការ​យុទ្ធសាស្ត្រ​ជាច្រើន​របស់​សហព័ន្ធ រួម​ទាំង​ផ្ដល់​នូវ​អនុសាសន៍ ២​ចំណុច​បន្ថែម​ផង​ដែរ ទី​១-​ត្រូវ​អភិវឌ្ឍ​កីឡា​ការិនី​ឲ្យ​បាន​ច្រើន​ទាំង​បរិមាណ និង​គុណភាព ព្រោះ​កីឡា​ការិនី​មាន​អាទិភាព​ក្នុង​ការ​ដណ្ដើម​មេដាយ។ ទី​២-​ត្រូវ​រៀបចំ​ប្រភេទ​វិញ្ញាសា​ទម្ងន់​ធ្ងន់ ដែល​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ ព្រោះ​បណ្ដា​ប្រទេស​ជា​សមាជិក​ស៊ី​ហ្គេម ពុំ​សូវ​មាន​កីឡាករ​កីឡា​ការិនី​ទម្ងន់​ធ្ងន់​ចូលរួម​នោះ​ទេ​។​ គួរ​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ប្ដេជ្ញា​ឧបត្ថម្ភ​គាំទ្រ​សហព័ន្ធ​កាន់​តែ​ច្រើន ស្របតាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដោយ​ក្រសួង​-​ស្ថាប័ន​មួយ​គាំទ្រ​កីឡា​ឲ្យ​បាន​មួយ​មុខ ជាក់ស្ដែង​ឯកឧត្ដម​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់​មួយ​ឆ្នាំ ៥​ម៉ឺន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ដ៏​សហព័ន្ធ និង​សកម្មភាព​អភិវឌ្ឍ ដូចជា​ការជួល​គ្រូ​បង្វឹក​បរទេស មក​បង្ហាត់បង្រៀន​កីឡាករ​-​កីឡា​ការិនី និង​មន្ត្រី​បច្ចេកទេស​កម្ពុជា​ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា